ស៊ីហ្គេមទី ៣៣ ថៃដកគុនខ្មែរចេញ ហើយថាប្រទេស ២ ទៀតដែលធ្វើម្ចាស់ផ្ទះបន្តបន្ទាប់ ក៏អាចមិនដាក់គុនខ្មែរដែរ
កាលពីថ្មីៗនេះ ថៃបានចេញសេចក្ដីប្រកាសពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ ដែលខ្លួនជាម្ចាស់ផ្ទះ ដោយបានស្នើសុំការកែសម្រួលចំណុចមួយចំនួន ហើយនឹងធ្វើការដកកីឡាគុនខ្មែរចេញ ដោយដាក់កីឡា Muay Thai ចូលមកវិញ។
មិនត្រឹមតែប៉ុណ្ណឹងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក Big Net ឬលោក Chaiyapak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃបានចេញបញ្ជាក់ទៀតថា ៖ «ក្នុងនាមខ្ញុំជានាយកប្រតិបត្តិនៃសហព័ន្ធកីឡាស៊ីហ្គេម ខ្ញុំមានជំនឿចិត្តថា គុនខ្មែរ ឬ គុនល្បុក្កតោ នឹងមិនមានវត្តមានក្នុងការប្រកួតស៊ីហ្គេមលើកក្រោយ ដែលថៃធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៥ នេះ យ៉ាងពិតប្រាកដ»។
«គុនខ្មែរ និង គុនល្បុក្កតោ នឹងត្រូវចាត់បញ្ចូលជាកីឡាប្រភេទទី ៣ ដែលប្រទេសនីមួយៗពេលធ្វើជាម្ចាស់ផ្ទះ មានសិទ្ធិជ្រើសរើសដាក់បញ្ចូលឬអត់។ ខ្លួនខ្ញុំផ្ទាល់ជឿថា កីឡាប្រភេទនេះមិនត្រឹមតែអវត្តមានពេលថៃធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមឆ្នាំ ២០២៧ និង ២០២៩ ដែលម៉ាឡេស៊ី និង សិង្ហបុរីធ្វើជាម្ចាស់ផ្ទះ ក៏ពួកគេមុខជាមិនជ្រើសរើសដាក់គុនខ្មែរដែរ ព្រោះតែលើកមុនកម្ពុជាដណ្ដើមបានមេដាយមាស ១៤ ក្នុងចំណោម ១៩ មេដាយ ម្យ៉ាងវាជាប្រភេទកីឡាដែលកាត់សេចក្ដីដោយភ្នែកមើល»៕
លោក Chaiyapak Siriwat បញ្ជាក់ទៀតថា ៖ «ការកែសម្រួលច្បាប់ស៊ីហ្គេម ដោយកាត់បន្ថយកីឡាក្នុងស្រុកមកសល់ត្រឹម ៤ ប្រភេទនេះ គឺមូលហេតុចម្បងចង់ឱ្យស៊ីហ្គេមអភិវឌ្ឍឈានទៅរកស្ដង់ដារអន្តរជាតិ ហើយឆ្ពោះទៅរកកម្រិតអូឡាំពិក»៕