អ្នកគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិថៃ ថាលោកនឹងរក្សាឆន្ទៈលាឈប់ដដែល ទោះប្រធានសមាគមឃាត់ក៏ដោយ
កាលពីថ្មីៗនេះ លោក Big Yim អ្នកគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិថៃ បានប្រកាសថាខ្លួននឹងដាក់ពាក្យលាឈប់ ដើម្បីជាការទទួលខុសត្រូវនូវរូបភាព ដែលកើតមានរវាងថៃ-ឥណ្ឌូនេស៊ី អំឡុងពេលប្រកួតដណ្ដើមមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។
បន្ទាប់ពីទទួលដំណឹងលាឈប់លោក Somyot Poompanmoung ដែលជាប្រធានសមាគមបាល់ទាត់ថៃ ក៏បានធ្វើការស្នើសុំ និងឃាត់លោក Big Yim ដោយឱ្យដកពាក្យលាឈប់វិញ ព្រោះតែបានមើលឃើញពីសមិទ្ធផលការងារ និងទឹកចិត្តស្រឡាញ់របស់លោកដែលគ្រប់គ្រងមកជាង ២៣ ឆ្នាំកន្លងមកនេះ។
ពេលនេះលោក Big Yim បានចេញឆ្លើយតបទៅប្រធានសមាគមបាល់ទាត់ថៃវិញថា៖ «ខ្ញុំបានតាំងចិត្តរួចហើយ ថានេះជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាអ្នកគ្រប់គ្រង ហើយខ្ញុំមិនបកក្រោយនោះឡើយ បើទោះលោកប្រធានឃាត់ក៏ដោយ។ ទោះបីខ្ញុំលាឈប់ក៏ខ្ញុំមិនទៅណាឆ្ងាយនោះដែរ ដោយអាចជាអ្នកមើលការខុសត្រូវ និងលើកទឹកចិត្តពីក្រោយ មិនមែនក្នុងនាមជាអ្នកគ្រប់គ្រងដូចមុន»៕