គ្រូបង្វឹកបាល់ទាត់អង្គការផ្កាយសមុទ្រ ត្រូវបានជ្រើសរើសធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣- អង្គការផ្កាយសមុទ្រមានក្តីសោមនស្សរីករាយក្រៃលែង ក្នុងការប្រកាសជាព័ត៌មានថាគ្រូបង្វឹកបាល់ទាត់ដ៏ឆ្នើមចំនួនបីរូបក្នុងកម្មវិធីបាល់ទាត់របស់អង្គការត្រូវ បានជ្រើសរើសឲ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។ គ្រូបង្វឹកទាំងបីរូបគឺ កញ្ញា សុខ រ៉ាន់យ៉ា លោក កែប សាម៉េត និង លោក អឹម សុភ័ក្រ្តមករា នឹងទទួលខុសត្រូវដឹកនាំក្រុមជម្រើស ជាតិកម្ពុជានីមួយៗចូលរួមប្រកួតទៅតាមប្រភេទកីឡាផ្សេងៗ។ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការនេះ ទៀតសោត គឺជាឱកាសដ៏សំខាន់សម្រាប់ជនពិការជាច្រើននៅកម្ពុជា ក្នុងការបញ្ចេញសមត្ថភាព និង ភាពបុិនប្រសប់របស់ពួកគេទៀតផង។ ដោយឡែកគ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្របីរូប ផ្សេងទៀតគឺ លោក សន ដេត, លោក រឿន រ៉ាវី និង លោក គង់ ចាន់រិទ្ធិ នឹងបំពេញតួនាទីជាជំនួយការ គ្រូបង្វឹកក្នុងព្រឹត្តិការណ៍កីឡានេះផងដែរ ។
គ្រូបង្វឹក រ៉ាន់យ៉ា ដោយមានគ្រូបង្វឹក ចាន់រិទ្ធិជាជំនួយការ ត្រូវបានជ្រើសរើសឲ្យដឹកនាំ និង សម្របសម្រួលកីឡាបាល់ទាត់ Goalball ដល់កីឡាករកីឡាការនីពិការភ្នែកប្រាំពីរនាក់ ដែលពួកគេក៏ ហ្វឹកហាត់បាល់ទាត់ក្នុងកម្មវិធីបាល់ទាត់សម្រាប់ជនពិការរបស់អង្គការផ្កាយសមុទ្រផងដែរ ។ ក្នុងនាម ជាគ្រូបង្វឹកស្ត្រីគំរូម្នាក់មានជំនាញក្នុងការបង្ហាត់ និងការតាំងចិត្តដ៏មោះមុត ជួយអភិវឌ្ឍសមត្ថភាព កីឡាករកីឡាការនីពិការ រ៉ាន់យ៉ាពិតជាមានសមត្ថភាព និង ទេពកោសល្យពេញលេញគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមជម្រើសជាតិឆ្ពោះទៅរកជ័យជំនះ និង ឆ្លងកាត់រាល់ឧបសគ្គក្នុងព្រឹត្តិការណ៍ប្រកួតខាង មុខនេះ ។
គ្រូបង្វឹក សាម៉េត គឺជាគ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ដែលមានបទពិសោធយ៉ាងច្រើន ក្នុងវិស័យនេះ ហើយលោកនឹងដឹកនាំសម្របសម្រួលកីឡាបាល់ទាត់ 5-a-side ជាមួយនឹងជំនួយការ គ្រូបង្វឹកពីរនាក់ទៀតគឺគ្រូបង្វឹក ដេត និងរ៉ាវី ។ ក្នុងនោះ សាម៉េត នឹងបង្ហាត់កីឡាករកីឡាការនី ពិការចំនួន ១០នាក់ក្នុងកម្មវិធីបាល់ទាត់របស់អង្គការផងដែរ ។ ជំនាញដ៏ប៉ិនប្រសប់ និង ទឹកចិត្ត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកីឡាគឺជាតម្លៃស្នូលរបស់គ្រូបង្វឹករូបនេះ ដែលវាបានរួមចំណែក យ៉ាងសំខាន់ជួយឲ្យកីឡាករកីឡាការនីមានភាពរីកចម្រើន និង ទទួលបានជោគជ័យ ។ បន្ថែមពីនេះ ទៀត ភាពជាអ្នកដឹកនាំរបស់ សាម៉េត គឺជាកត្តាជំរុញទឹកចិត្តធំជាងបំផុតចំពោះកីឡាករឲ្យបន្តខិតខំ ប្រឹងប្រែងនៅលើទីលាន ។
គ្រូបង្វឹក មករា ជាគ្រូបង្វឹកបាល់ទាត់មានទេពកោសល្យខ្ពស់ និង ស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះ ការងាររបស់លោក ហើយលោកនឹងដឹកនាំសម្របសម្រួលកីឡាបាល់ទាត់ Cerebral Palsy (CP) ។ មករាមានបទពិសោធជាច្រើនក្នុងការបង្ហាត់កីឡាករកីឡាការនីត្រៀមប្រកួតកីឡាសម្រាប់ជនពិការ ហើយភាពប៉ិនប្រសប់របស់លោកក្នុងការលើកទឹកចិត្តកីឡាករគឺពិតជាចំណុចសំខាន់ ដើម្បីដឹកនាំក្រុម ឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតប្រជែងក្នុងកីឡា ។
ឱកាសក្នុងការក្លាយជាគ្រូបង្វឹក និង ជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍កីឡា ជនពិការ អាស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ ២០២៣ ដែលគ្រូបង្វឹកទាំងប្រាំមួយរូបរបស់អង្គការផ្កាយសមុទ្រ ទទួលបាននេះ គឺជាផ្លែផ្កាកើតចេញពីការខិតខំប្រឹងប្រែង សមត្ថភាព និង ទឹកចិត្តស្រឡាញ់ និង លះបង់ ខ្ពស់ចំពោះការងារដោយធ្វើការជាមួយជនពិការ និង ជួយឲ្យពួកគេត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា ដ៏ធំមួយនេះ។ ពួកគេបានបំពេញការងារ ដោយមិនខ្លាចនឿយហត់ ដើម្បីជួយបង្ហាត់ក្រុមរបស់ពួកគេ ឲ្យត្រៀមខ្លួនរួចជាស្រេចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏សំខាន់ និង ជាពិសេសធ្វើឲ្យប្រទេសកម្ពុជាត្រូវ បានគេស្គាល់លើឆាកអន្តរជាតិទៀតផង ។
កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីស្នូលមួយរបស់អង្គការ ដែលបានរួមចំណែកយ៉ាងធំ ដោយផ្តល់ឱកាសដល់កីឡាករកីឡាការនីពិការជាច្រើនក្នុងការសម្រេច ក្តីស្រមៃរបស់ខ្លួន ។ ចាប់តាំងពីការចាប់កំណើតនៃកម្មវិធីនេះក្នុងឆ្នាំ ២០១១ កម្មវីធីបាល់ទាត់គឺជា មធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការជួយកាត់បន្ថយការរើសអើងគ្រប់ប្រភេទ ដោយបង្កើត សកម្មភាពកីឡាដ៏សម្បូរបែបជាច្រើនសម្រាប់កីឡាករកីឡាការនីពិការ ឬ មានផ្ទុកមេរោគអេដស៍ ដើម្បីឲ្យពួកគេទាំងអស់អាចចូលរួមលេងកីឡាស្មើៗគ្នា។ មួយវិញទៀត កម្មវិធីបាល់ទាត់នេះក៏ដើរតួយ៉ាង សំខាន់ក្នុងវិស័យកីឡានៅកម្ពុជា តាមរយៈការផ្តួចផ្តើមឲ្យមានការប្រកួតបាល់ទាត់ប្រចាំឆ្នាំធំៗជាច្រើន ដើម្បីជួយផ្លាស់ប្តូរជីវិតរបស់ជនពិការ និង អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ។
ព្រឹត្តិការណ៍កីឡាជនពិការ អាស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ ២០២៣ ដែលនឹងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ខាងមុខនេះ នឹងប្រមូលម្តុំកីឡាករកីឡាការិនីពិការ ជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍ ។ វាគឺជាព្រឹត្តិការណ៍កីឡាដ៏ធំអស្ចារ្យ ដែលរំលេចឲ្យឃើញ នូវសារសំខាន់មិនអាចកាត់ថ្លៃបាននៃកីឡា ដែលជួយលើកកម្ពស់ការចូលរួមរបស់ជនពិការ ក៏ដូចជា ផ្តល់ឱកាសឲ្យពួកគេបានបញ្ចេញសមត្ថភាព និងបង្ហាញពីស្មារតីស្រឡាញ់កីឡាជនពិការ ។ ដោយ ឡែក ព្រឹត្តិការណ៍កីឡាមួយនេះក៏បានជំរុញឲ្យមានសាមគ្គីភាព និង ការរួបរួមគ្នារវាងសហគមន៍មកពី ប្រទេសខុសៗគ្នាផងដែរ ។
អង្គការផ្កាយសមុទ្រគឺពិតជាមានកិត្តិយសដ៏ធំធេង ដែលបានរួមចំណែកក្នុងព្រឹត្តិការណ៍ជាប្រវត្តិ សាស្ត្រដ៏អស្ចារ្យមួយនេះ និង បេ្តជ្ញាចិត្តផ្តល់ការគាំទ្រឲ្យច្រើនតាមដែលអាចធ្វើបានដល់កីឡាករ កីឡាការនីកម្ពុជារបស់យើងក្នុងការប្រកួតតទល់នឹងកីឡាករកីឡាការិនី ដែលធ្វើដំណើរមកពីបណ្តា ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។
ការផ្តល់ឱកាសដ៏មានតម្លៃដល់គ្រូបង្វឹក រ៉ាន់យ៉ា, សាម៉េត, មករា, ដេត, រ៉ាវី និងចាន់រិទ្ធិ ឲ្យចូលរួម បង្វឹកក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតនេះ គឺជាសក្ខីភាព ដែលបានសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់អង្គការផ្កាយសមុទ្រចំពោះការលើកកម្ពស់ការចូលរួមរបស់ជនពិការ និង ផ្តល់តម្លៃដល់ ពួកគេទៀតផង ។ ដោយឡែក ពួកយើងជឿជាក់ថាក្រុមជម្រើសជាតិរបស់យើងនឹងទទួលបានជ័យ លាភីក្នុងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ខាងមុខ ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងព្រឹត្តិការណ៍នេះ ការស្នើសុំធ្វើកិច្ចសម្ភាសន៍ ឬផ្សព្វផ្សាយសេចក្តី ប្រកាសព័ត៌មាននេះ សូមទំនាក់ទំនងមកកាន់លោក យិន សាមឌី ប្រធានកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ sy@isfcambodia.org ។
អំពីអង្គការផ្កាយសមុទ្រ
៤៩ ភាគរយ នៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីក សក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។
សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់ បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០ នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០ នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។
កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និង បង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម តាមរយៈការ ហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀន កម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និង ពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និង ជាពិសេសយល់ដឹងកាន់តែ ច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផល ប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែល បានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និង ប្រើ ប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម៕