(វីដេអូ) រំភើបណាស់! កីឡាការិនីឆ្នើម វ៉ិត ចន្ថា ឈ្នះមេដាយមាសបាន ២ គ្រឿង រត់រកម្តាយលុតជង្គង់ថ្វាយបង្គំយ៉ាងរំជួល
កាលពីល្ងាចថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ កីឡាការិនីអត្តពលកម្មពិការឆ្នើម វ៉ិត ចន្ថា បានដណ្ដើមបានមេដាយមាសមួយគ្រឿងទៀតហើយ លើវិញ្ញាសារត់ចម្ងាយ ៤០០ ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ ឬ អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយប្រើរយៈពេល ១:១២:៦៩។
នេះគឺជាមេដាយមាសទី ២ ដែលកីឡាការិនីឆ្នើម វ៉ិត ចន្ថា អាយុ ៤០ ឆ្នាំ បានឈ្នះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅប្រទេសកម្ពុជា ដោយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅកីឡាការិនីរូបនេះ បានដណ្ដើមបានមេដាយមាសទី ១ ពីវិញ្ញាសាលោតចម្ងាយ ដែលលោតបាន ៣.៩៩៩ ម៉ែត្រ។
ក្រោយពីរកបានមេដាយមាសចំនួន ២ គ្រឿង ជូនជាតិរួចហើយ ក្នុងបណ្ដាញសង្គមទាំងក្នុងហ្វេសប៊ុក និង ក្នុង TikTok ហាក់មានការចាប់អារម្មណ៍ និង បង្ហាញភាពរំជួលចិត្តជាខ្លាំង ក្រោយពីឃើញទិដ្ឋភាពកីឡាការិនីឆ្នើម វ៉ិត ចន្ថា បានលុតជង្គង់ថ្វាយបង្គំម្ដាយដោយក្ដីរំភើប ក្រោយទទួលបានជ័យជំនះជូនដល់ជាតិ។
ជាមួយគ្នានេះដែរ កីឡាការិនីឆ្នើម វ៉ិត ចន្ថា បានបន្ថែមទៀតថា ៖ «ពេលទទួលបានមេដាយមាសនេះហើយ ខ្ញុំបំពាក់ជូនម្តាយរបស់ខ្ញុំមុនគេ។ គេតែងតែហៅខ្ញុំថាវីរកីឡាការិនី ប៉ុន្តែវីរកីឡាការិនីពិតប្រាកដគឺជាម្តាយរបស់ខ្ញុំ ដែលគាត់តែងតែតស៊ូចិញ្ចឹមកូន លះបង់ញើសស្រស់ឈាមស្រស់ ដើម្បីចម្លងកូនឱ្យឆ្លងផុតភាពក្រីក្រ និង ការលំបាកទាំងឡាយក្នុងជីវិត។ ភាពក្រីក្រនេះហើយ ដែលបណ្តុះស្មារតីជីវិតខ្លួនឯងឱ្យពុះពាររហូតដល់ចូលប្រកួតក្នុងវិស័យកីឡាទទួលបានជោគជ័យ និង ដណ្តើមបានសមិទ្ធផលជូនជាតិ»។
គួរបញ្ជាក់ដែរថា ទោះបីជា វ៉ិត ចន្ថា ដណ្តើមបានមេដាយមាស ២ គ្រឿងជូនជាតិក្នុងនាមជាម្ចាស់ផ្ទះហើយក្តី ប៉ុន្តែកីឡាការិនីវ័យ ៤០ ឆ្នាំរូបនេះ នៅសល់មួយវិញ្ញាសាទៀត គឺរត់ចម្ងាយ ២០០ ម៉ែត្រ៕