កូនរអ៊ូមិនចង់រៀន ម៉ែដេញឱ្យទៅលក់ម្ហូបតាមផ្លូវឱ្យស្គាល់រសជាតិជីវិត មានអីលក់ដាច់ខ្លាំងម៉ែដាច់ចិត្តឱ្យឈប់រៀនមែន
មានរឿងរ៉ាវមួយរបស់ក្មេងប្រុសជនជាតិចិនអាយុ ១៧ ឆ្នាំម្នាក់រអ៊ូមិនចង់រៀន ធ្វើឱ្យម្តាយខឹង និង បានដេញទៅលក់ម្ហូបតាមចិញ្ចើមផ្លូវឱ្យស្គាល់រសជាតិជីវិត ស្រាប់តែលក់ដាច់ខ្លាំងដល់ថ្នាក់ម្តាយដាច់ចិត្តឱ្យឈប់រៀនមែនទែន។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសខាងលើនេះហាក់ដូចជាអស់ចំណង់ក្នុងការសិក្សា ទើបបានរអ៊ូដាក់ម្តាយថាចង់ឈប់រៀន ឯម្តាយឮដូច្នោះក៏អស់សង្ឃឹមជាមួយកូនប្រុស ហើយក៏បានប្រាប់ឱ្យគេមកសាកជួយលក់អាហារខ្លួនម្តង ក្នុងបំណងឱ្យគេស្គាល់រសជាតិការស៊ីហត់នឿយ ក្រែងលគេនឹកឃើញទៅខំប្រឹងរៀនវិញ។
យ៉ាងណាមិញ ក្មេងប្រុសរូបនេះមិនបានបដិសេធម្តាយឡើយ គេបានខំរកស៊ីលក់ដូរជំនួសម្តាយយ៉ាងដុតដៃដុតជើង រហូតដល់រកបានប្រាក់ជិត ១៥០០ ដុល្លារឯណោះ ត្រឹមរយៈពេលតែ ១០ ថ្ងៃ ដែលធ្វើឱ្យម្តាយមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្រោយពីកូនមានក្តីព្យាយាមក្នុងការរកស៊ីបែបនេះ ស្រ្តីជាម្តាយក៏ចាប់ផ្តើម និង យល់ចំណង់ចំណូលចិត្តរបស់កូន ហើយក៏បានឱ្យអនុញ្ញាតិឱ្យគេឈប់រៀន ព្រមទាំងក្លាយខ្លួនជាអ្នកលក់ដូរវិញផងដែរ៕
ប្រភព៖ Sanook