កូនក្ដៅខ្លួនប៉ុន្មានអង្សាគួរយកទៅពេទ្យ? ហើយនេះជាវិធីបញ្ចុះកម្ដៅនៅផ្ទះយ៉ាងត្រឹមត្រូវ
នៅពេលដែលកូនតូចៗមានអាការក្ដៅខ្លួន អ្នកម៉ាក់លោកប៉ាតែងមានការព្រួយបារម្ភ និង រិះរកគ្រប់វិធីដើម្បីបញ្ចុះកម្ដៅកូន ដោយការឱ្យកូនផឹកថ្នាំបញ្ចុះកម្ដៅ ជូតខ្លួន និង បញ្ចូនកូនទៅមន្ទីរពេទ្យជាដើម។
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អៀង ហួរ ឯកទេសរោគកុមារ បានចែករំលែកពីអាការក្ដៅខ្លួនរបស់កុមារតូចៗ ដល់អ្នកម៉ាក់លោកប៉ាថា ការក្ដៅខ្លួនចែកចេញជា ២ ប្រភេទ ៖
១. កម្ដៅមានកម្រិតសីតុណ្ហភាពស្រាល ពី ៣៧ អង្សា, ៣៨ អង្សា ទៅក្រោម ៣៧.៥ អង្សា ឪពុកម្ដាយអាចសាកល្បងព្យាបាលនៅផ្ទះដោយខ្លួនឯងបាន ក្នុងករណីកូននៅលេង នៅសើច នៅហូប មិនហត់ មិនក្អួតជាដើម ហើយកូនគ្មានរោគសញ្ញាផ្សេងទៀតក្រៅពីក្ដៅខ្លួន។ ការព្យាបាលនៅផ្ទះ ម៉ាក់ប៉ាត្រូវដោះសម្លៀកបំពាក់កូនឱ្យនៅខ្លួនទទេ ជូតខ្លួនកូនដោយទឹកក្ដៅឧណ្ហៗ ហើយទឹកនោះអាចប្រើទែរម៉ូម៉ែត្រវាស់ក្រោមសីតុណ្ហភាពកម្ដៅកូន ១ អង្សា ដើម្បីការងារកុំឱ្យកូនស្រាវស្រាញ ពិបាកទ្រាំនៅពេលជូតខ្លួន។ តំបន់ដែលឆាប់ចុះកម្ដៅ គឺនៅត្រង់ក្លៀក ក្រលៀន និង ក្បាល ព្រោះជាកន្លែងនៅជិតសរសៃឈាមធំៗ។
ចំណាំ ៖ ការលាយទឹកក្ដៅឧណ្ហៗសម្រាប់ជូតខ្លួនកូន គឺឪពុកម្ដាយលាយទឹកដំបូងតែម្ដងបានហើយ (ហាមចាក់ទឹកក្ដៅថែម) ធ្វើឱ្យខ្លួនកូននៅតែក្ដៅ ដូច្នេះពេលទឹកចាប់ផ្ដើមត្រជាក់ ខ្លួនកូនក៏ចាប់ផ្ដើមត្រជាក់ទៅតាមនោះដែរ។
ចំណែក វិធីសាស្រ្តមួយទៀតនៃការបញ្ចុះកម្ដៅនៅផ្ទះ គឺការព្យាបាលដោយការបញ្ចុកថ្នាំប៉ារ៉ាសេតាម៉ុល (ចំនួនតាមគីឡូកូន)។
២. បើកម្ដៅកូនចាប់ពី ៣៨.៥ អង្សាឡើងទៅ គេចាត់ទុកថាកម្រិតធ្ងន់ ហើយបើកូនមានរោគសញ្ញារួមផ្សំផ្សេងទៀតដូចជា សន្លឹម ក្អួត ហូបអ្វីមិនបាន ហត់ មិនលេង ឬប្រកាច់ជាដើម ម៉ាក់ប៉ាចាំបាច់ត្រូវនាំកូនទៅមន្ទីរពេទ្យឱ្យបានលឿនបំផុត ព្រោះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពកូន ឬក៏អាចប៉ះពាល់ដល់អាយុជីវិត៕