(វីដេអូ) សុធារិទ្ធ លេងហើយ! លើកមុនម្រះ លើកនេះក្រូចឆ្មារ ឱ្យគូ ម៉ាលីន និង ដាឡែត ញុំា ជូរមែនតែនៅភីងៗ
ក្រោយពីបង្ហាញទំនាក់ទំនងថាជាអ្វីនឹងគ្នាហើយនោះ បេក្ខជន MasterChef Cambodia រដូវកាលទី ៣ គឺកញ្ញា ឆៃ តារាម៉ាលីន និង លោក ចៅ ដាឡែត កាន់តែធ្វើឱ្យទស្សនិកជនតាមដានដូចរឿងភាគ បន្ទាប់ពីឃើញសកម្មភាពរបស់ពួកគេទាំងពីរ កាន់តែផ្អែមល្ហែម ស្និទ្ធស្នាល បណ្ដើរគ្នាទៅណាមកណាដូចលលកញីឈ្មោល។
ក្នុងនោះដែរ មិនថាតែអ្នកគាំទ្រនោះទេ គឺសូម្បីតែមិត្តភក្តិរួមការប្រកួតជាមួយគ្នាម្នាក់ៗ ក៏តែងតែចំអន់លេងពីភាពផ្អែមល្ហែមរវាង កញ្ញា ឆៃ តារាមាលីន និង លោក ចៅ ដាឡែត ដែរ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោក សំ សុធារិទ្ធ ដែលជាបេក្ខជនស្និទ្ធស្នាលជាមួយ កញ្ញា ម៉ាលីន និង លោក ដាឡែត បានបង្ហោះវីដេអូមួយ ដោយឱ្យ ម៉ាលីន និង ដាឡែត ញ៉ាំផ្លែម្រះ ប៉ុន្ដែអ្វីដែលអ្នកគាំទ្រអស់សំណើច លាយឡំជាមួយអារម្មណ៍រំភើបបំផុតនោះគឺ អ្នកទាំងពីរញ៉ាំម្រះមិនបានប្រាប់ថាល្វីងទេ បែរជានិយាយថាផ្អែមឆ្ងាញ់ទៅវិញ ជាពិសេស ដាឡែត បុរសមុខស្មើដែលមិនសូវចេះញញឹម ក៏ប្រាប់ថា ម្រះមានរសជាតិផ្អែមដែរ។
ស្រាប់តែមិនយូរប៉ុន្មាន លោក សុធារិទ្ធ បានលេងស្ទីលដូចដើនជាថ្មី ដោយបង្ហោះវីដេអូឱ្យកញ្ញា ម៉ាលីន និង លោក ដាឡែត ញុំាក្រូចឆ្មារវិញម្តង ហើយសួរថាផ្អែមដូចម្រះឬអត់ ប៉ុន្តែលើកនេះអត់ផ្អែមទេ ម្នាក់ៗឆ្លើយថាជូរ។ តែយ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺសម្តីរបស់លោក ដាឡែត ដែលនិយាយថា កញ្ញា ម៉ាលីន ចូលចិត្តញុំាក្រូចឆ្មារនៅផ្ទះ ដូចចង់សំដៅថា លោកដឹងរឿងគ្រប់យ៉ាងពាក់ព័ន្ធនឹងម៉ាលីន មិនថាតែធ្វើអ្វី ចូលចិត្តញុំាអ្វីនោះទេ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖