ថ្មីទៀតហើយ! នៅអ៊ីតាលី យកខ្យល់បរិសុទ្ធពីបឹង Como ច្រកកំប៉ុងដាក់លក់ ដោយ ១ កំប៉ុងថ្លៃជាង ១០ ដុល្លារ
ជារឿងដ៏ថ្មីប្លែកមួយទៀតហើយ ដោយនៅប្រទេសអ៊ីតាលីពេលនេះមានការដាក់លក់កំប៉ុងទទេច្រកខ្យល់ពីបឹង Como ឱ្យភ្ញៀវទេសចរទុកជាវត្ថុអនុស្សាវរីយ៍ ដោយក្នុងមួយកំប៉ុងលក់ក្នុងតម្លៃ ១០ អឺរ៉ូ (១០.៨៩ ដុល្លារ)។
ផលិតផលដែលទើបតែបញ្ចេញដាក់លក់ដោយភ្នាកងារទីផ្សារក្នុងប្រទេសមួយនេះដែរ បានអះអាងថាក្នុងកំប៉ុងច្រកខ្យល់នោះមានផ្ទុកអុកស៊ីហ្សែនចំនួន ២១% ឧស្ម័នអាកុង (Argon) ០.៩៣% កាបូនឌីអុកស៊ីត ០.០៤% ឧស្ម័នអាសូត និង ណេអុង ពីបឹងមកបន្តិចបន្តួច។ គួរបញ្ជាក់ថា លោក Davide Abagnale អ្នកជំនាញផ្នែកទីផ្សារនៅអ៊ីតាលី ដំបូងឡើយគឺបង្កើតគេហទំព័រដាក់លក់ poster រូបបឹង Como នោះទេ ដើម្បីទាញរកចំណូលពីអ្នកទេសចរមកទស្សនាបឹង Como។
យ៉ាងណាមិញ គំនិតបង្កើតថ្មីចុងក្រោយរបស់លោកក្នុងការលក់កំប៉ុងទទេច្រកខ្យល់នេះដែរ គឺក្នុងបំណងបង្កើតជាអនុស្សាវរីយ៍មួយដែលងាយនឹងដាក់ក្នុងវ៉ាលិសរបស់ភ្ញៀវទេសចរ។ បន្ថែមពីនេះ លោក Abagnale បានថ្លែងប្រាប់សារព័ត៌មាន CNN ទៀតថា មានភ្ញៀវទេសចរម្នាក់បានទិញវា ហើយទៅដល់ផ្ទះវិញគេក៏បានបើកកំប៉ុងនោះ និង អាចច្នៃវាទៅជាកំប៉ុងដាក់ប៊ិចអនុស្សាវរីយ៍បានទៀត។ លោកបានរៀបរាប់ថា៖ «វាមិនមែនត្រឹមជាផលិតផលមួយប៉ុណ្ណោះទេ តែវាជាការចងចាំមួយដែលដក់ជាប់ក្នុងចិត្តរបស់យើង»។
ដោយឡែក ផលិតផលកំប៉ុងច្រកខ្យល់នេះដែរមិនមែនទទួលស្គាល់គាំទ្រគ្រប់គ្នានោះទេ ជាក់ស្ដែង លោក Alessandro Rapinese អភិបាលក្រុង Como បានលើកឡើងថា ផលិតផលនេះមិនមែនជាជម្រើសដំបូងសម្រាប់លោកដើម្បីលក់ឱ្យភ្ញៀវទេសចរនោះទេ។ លោកចង់ឱ្យមានជាវត្ថុអនុស្សាវរីយ៍ផ្សេងវិញដូចជាកន្សែងសូត្រដែលល្បីប្រចាំតំបន់ជាដើម៕