មួយគូទៀតបាត់! Waii ប្រកាសបញ្ចប់ចំណងស្នេហ៍ ៧ ឆ្នាំ ជាមួយ Mino ហើយ
ជឿជាក់ថាប្រិយមិត្តដែលនិយមស្ដាប់ចម្រៀងថៃ ជាពិសេសអ្នកគាំទ្ររបស់ក្រុមហ៊ុន Kamikaze មុខជាបានស្គាល់ច្បាស់ Waii តារាចម្រៀងស្រីដែលមានសំឡេងខ្ពស់ ច្រៀងពីរោះ អាចរាំបានយ៉ាងប៉ិនប្រសប់។
បើនិយាយពីជីវិតឯកជនវិញ Waii បានសាងស្នេហ៍ជាមួយបុរសកូនកាត់ថៃ-អ៊ីតាលីឈ្មោះថា Mino អស់រយៈពេលជាង ៧ ឆ្នាំមកហើយ។ តែមួយរយៈក្រោយនេះគេហាក់សង្កេតឃើញថាអ្នកទាំងពីរហាក់មិនសូវឃើញទៅណាមកណាជាមួយគ្នាដូចមុនឡើយ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រហាក់សង្ស័យជាខ្លាំង។
យ៉ាងណាមិញ ថ្មីៗនេះ Waii ក៏បានសម្រេចចិត្តបើកការឆ្លើយតប Q&A តាមរយៈយូធូបឆាណែលរបស់ខ្លួនដោយបានប្រកាសត្រង់ៗថា៖ «ពេលនេះខ្ញុំនៅទំនេរ ១០០ ភាគរយចាស ពួកយើងបានបែកគ្នាមួយរយៈហើយ»។
«ខ្ញុំមិនមានអ្វីនិយាយច្រើនទេ ដោយខ្ញុំនៅ Single មួយរយៈធំហើយ គ្រាន់តែមិនមានឱកាសបានប្រាប់ដំណឹងឱ្យគ្រប់គ្នាដឹង ហើយគិតថាវាមិនមានអ្វីត្រូវធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ ទោះពួកយើងចប់គ្នាក៏នៅនិយាយគ្នាខ្លះគ្រាន់តែឋានៈមិនដូចមុនប៉ុណ្ណឹងឯង»។
«ហេតុផលពិតប្រាកដគឺទាំងគូមានអារម្មណ៍ថាពួកយើងចាស់គំនិត និងមានភាពចាស់ទុំជាងមុន យើងក៏ទាក់ទងគ្នាមកជាង ៧ ឆ្នាំហើយដែរ តែពេលនេះម្នាក់ៗមានគោលដៅជីវិតផ្សេងគ្នា ហេតុនេះហើយក៏សម្រេចចិត្តថាពួកយើងគួរធ្វើអ្វីដែលខ្លួនចង់ធ្វើសម្រាប់ខ្លួនឯង អនាគតទៅជាបែបណា គ្មាននរណាអាចដឹងទេ ហេតុដូចនេះមានតែបណ្ដោយទៅតាមពេលវេលា»៕