ការនាំចេញអង្ករធ្លាក់ចុះក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ព្រោះខ្វះទូកុងតឺន័រដាក់ និង តម្លៃដឹកថ្លៃពេក
រដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថ្មីៗនេះថា កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមដល់ទៅជាង ១ លានតោន នៅរយៈពេលត្រឹមតែប្រមាណ ៣ ខែ ប៉ុណ្ណោះនៃដើមឆ្នាំ ២០២១ នេះ ស្របពេលដែលការនាំចេញអង្ករនៅដើមឆ្នាំនេះវិញ បានបង្ហាញពីការធ្លាក់ចុះជាងឆ្នាំមុនគួរឱ្យកត់សម្គាល់ ។
ជុំវិញបញ្ហានេះ ខាងសហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា ការនាំចេញអង្ករធ្លាក់ចុះ វាពិតជាមិនមានការពាក់ព័ន្ធគ្នាជាមួយនឹងការនាំចេញស្រូវកើនឡើងនោះទេ តែការនាំចេញអង្ករធ្លាក់ចុះនៅដើមឆ្នាំនេះ បញ្ហាគឺមានតែមួយគត់ ដោយសារបញ្ហាការដឹកជញ្ជូន ខ្វះកុងតឺន័រ និង តម្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ ។
ការនាំចេញស្រូវទៅកាន់វៀតណាមមានការកើនឡើងនៅក្នុងរយៈពេល ៣ ខែនេះ ដោយសារតែការដាំដុះស្រូវនៅកម្ពុជានាឆ្នាំនេះកើនខ្ពស់ជាងមុន ពោលគឺមានដល់ទៅ ៦០ម៉ឺនហិកតា ខណៈរាល់ឆ្នាំមានត្រឹមតែជាង ៥០ ម៉ឺនហិកតាប៉ុណ្ណោះ ដែលវាបានធ្វើឱ្យទិន្នផលស្រូវក៏កើនឡើងដូចគ្នាដែរ ។ ការនាំចេញអង្ករគិតមកទល់ចុងខែមីនានេះ ការដឹកជញ្ជូននៅតែបន្ដជួបការលំបាកច្រើនមែនទែន ដោយសារតែតម្លៃដឹកជញ្ជូនឡើងថ្លៃខ្លាំងផង ហើយបញ្ហាខ្វះទូកុងតឺន័រសម្រាប់ផ្ទុកទំនិញក៏នៅតែបន្ដជាបញ្ហារាំងស្ទះខ្លាំងដែរ ជាពិសេសការដឹកជញ្ជូនអង្ករកម្ពុជានេះតែម្ដង ។
បើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅចុងខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ បានបញ្ជាក់ថា តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នេះ បានកើនឡើងបើធៀបនឹងចុងឆ្នាំ ២០២០ ។ តាមតារាងតម្លៃអង្ករ ដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា គិតត្រឹមថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ អង្ករម្លិះអង្គរ Jasmine (Malys Angkor) មានតម្លៃជាមធ្យម ៨២៥ ដុល្លារ ក្នុង ១ តោន កើនពី ៨១៦,២៥ ដុល្លារ កាលពីខែធ្នូ ឆ្នាំ ២០២០ ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា អង្ករស (Soft cooking) មានតម្លៃ ៥៨៥ ដុល្លារ ក្នុង ១ តោន កើនពី ៥៦៨ ដុល្លារ ខណៈអង្ករ Parboiled Rice មានតម្លៃ ៥៨៥ ដុល្លារ កើនពី ៥៧៥ ដុល្លារ ។ ដោយឡែកអង្ករសែនក្រអូប Standard Fragrant Rice (SKO) មានតម្លៃ ៧៦៥ ដុល្លារ ក្នុង ១ តោន កើនពី ៧៥៦ ដុល្លារ ក្នុង ១ តោន ។
គួរបញ្ជាក់ថា រយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២១ នេះ កម្ពុជានាំចេញអង្ករ សរុបបាន ៧៦ ២២២ តោន ដែលមានការធ្លាក់ចុះ ៤៤.១៦% បើធៀបរយៈពេលដូចគ្នា ឆ្នាំ ២០២០ ។ ការធ្លាក់ចុះបរិមាណនាំចេញនេះ ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និង តម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តកើតឡើងខ្ពស់ រហូតដល់ជិត ៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩ ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករជាង ៧ ម៉ឺនតោន នៅរយៈពេល ២ ខែឆ្នាំ ២០២១ នេះ កម្ពុជាទទួលបានចំណូលជិត ៦៥ លានដុល្លារអាមេរិក ។
ចំពោះការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២១ នេះ ប្រទេសចិនដែលរួមទាំងហុងកុង និង ម៉ាកាវផងដែរនោះ នៅតែជាទីផ្សារធំជាងគេនៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅ ៤៩.៣៧% គិតជាបរិមាណគឺមានចំនួន ៣៧៦៣០ តោន ។ រីឯទីផ្សារធំទី ២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន ១៨ ប្រទេស មានចំណែក ២៤.៩១% គិតជាបរិមាណ មានចំនួន ១៨៩៩៦ តោន ក្នុងនោះទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន ៨៨៥០ តោន ។
ចំណែកទីផ្សារបន្ទាប់ ដែលមានចំណែក ៨% គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និង សង្ហបុរី ដែលមានចំនួន ៦២២៩ តោន និង ចំណែក ១៨% ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន ១៣៣៦៧ តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេន ជាដើម ៕