គ្រូពេទ្យហួសចិត្ត ក្រោយវះឃើញគ្រឿងអលង្ការតម្លៃជិត ៦ ម៉ឺនដុល្លារ ក្នុងក្រពះស្ត្រីជនជាតិឥណ្ឌាម្នាក់
ក្រុមគ្រូពេទ្យនាំគ្នាហួសចិត្ត ក្រោយប្រមូលគ្រឿងអលង្ការ និងកាក់ តម្លៃជិត ៦ ម៉ឺនដុល្លារចេញពីក្រពះរបស់ស្ត្រី ជនជាតិឥណ្ឌាម្នាក់ ។
Runi Khatun អាយុ ២៦ ឆ្នាំ ត្រូវបានឲ្យដឹងថា មានសភាពទន់ខ្សោយ និងស្គមសល់តែឆ្អឹង ខណៈក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យកាលពីថ្ងៃទី ១៦ ខែកក្កដា ក្នុងរដ្ឋ West Bengal ក្រោយរូបនាងចាប់ផ្ដើមក្អួតចង្អោរ ក្រោយរាល់ពេលញ៉ាំអាហារ ។ អំឡុងពេលធ្វើការវះកាត់ ក្រុមគ្រូពេទ្យបានទាញយកច្រវាក់ខ្សែចំនួន ៦៩ ក្រវិលចំនួន ៨០ កាក់ ៤៦ បន្ដោងខ្សែកចំនួន ៨ ក្រវិលច្រមុះចំនួន ១១ សោរចំនួន ៤ ខ្សែជើងចំនួន ៥ និងមុខនាឡិកាចំនួន ១ ចេញពីក្នុងក្រពះរបស់នាង ។
បើតាមម្ដាយរបស់ស្ត្រីខាងលើនេះបាននិយាយថា រូបគាត់បានកត់សម្គាល់ឃើញថាគ្រឿងតុបតែងខ្លួនរបស់គាត់បានចាប់ផ្ដើមបាត់ពីក្នុងផ្ទះ ប៉ុន្តែគាត់មិនធ្លាប់គិតថា កូនស្រីរបស់គាត់លេបចូលក្នុងពោះនោះទេ ។ គាត់បានរៀបរាប់បន្ថែមថា កូនស្រីគាត់បានយកកាក់ពីក្នុងហាងបងប្រុសរបស់នាង ហើយរាល់ពេលដែលគាត់សួរនាងពីរបស់ដែលបាត់ នាងតែងតែយំ ។
ក្រុមគ្រូពេទ្យបាននិយាយថា ខណៈរបស់ទាំងអស់នោះភាគច្រើនធ្វើពីប្រាក់ និង ស្ពាន់ ក្នុងនោះក៏មានគ្រឿងអលង្ការមានតម្លៃខ្លះធ្វើពីមាសសុទ្ធ ដែលរកឃើញក្នុងក្រពះនាងនោះ ។ តាមលោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Siddhartha Biswas បានបញ្ជាក់ប្រាប់ថា «អ្នកជំងឺមានសភាពស្គមស្គាំងខ្លាំង ដោយសារតែនាងញ៉ាំអាហារមិនបាន។ ស្ថានភាពនាងពេលនេះ គឺមានសភាពធ្ងន់ធ្ងរ និង តម្រូវឲ្យមានការបញ្ជូលឈាមយ៉ាងតិច ៥ កំប្លោក។ នាងមិនទាន់អាចញ៉ាំអាហារដោយខ្លួនឯងបាននៅឡើយទេ ដូច្នេះយើងត្រូវបំពាក់ឧបករណ៍ជំនួយដល់នាង» ។
ការវះកាត់ត្រូវបានធ្វើឡើងអស់រយៈពេល ១ ម៉ោង និង ១៥ នាទី ដោយទទួលបានភាពជោគជ័យជាមួយការប្រមូលចេញនៅគ្រឿងអលង្ការចម្រុះជាច្រើនពីក្នុងក្រពះរបស់នាង ហើយចំពោះស្ថានភាពរបស់នាងនៅពេលនេះ គឺនឹងនរធម្មតាវិញហើយ ៕
ដោយ៖ ភក្ត្រា
ប្រភព៖ Dailymail