ព្រោះតែកង្វល់ពីរឿងគ្រោះថ្នាក់ចរាចរណ៍ ទើបក្រុមហ៊ុន MSA សម្រេចធ្វើរឿងនេះ !
ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានសម្លាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវជារៀងរាល់ថ្ងៃនោះ ទើបក្រុមហ៊ុន MSA ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានចាប់ដៃគូជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការសម្ភោធដាក់ស្លាកប៉ានណូអប់រំសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗ ទូទាំងប្រទេសកម្ពុជា។
ជាក់ស្តែង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន MSA និង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់សម្ភោធស្លាកប៉ានណូអប់រំ សុវត្ថិភាពចរាចរណ៍ខ្នាតធំមួយ នៅចំណុចពេជ្រនិល តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រេលេខ១០៤–១០៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ផងដែរថា ស្លាកប៉ានណូខ្នាតធំ ដែលដាក់សម្ភោធនេះ មានការជួយឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន MSA ដោយដាក់នៅទូទាំងប្រទេសចំនួន ១០០ ទីតាំងឯណោះ ។ ហើយការដាក់តាំងស្លាកប៉ានណូនៅតាមបណ្តោយផ្លូវជាតិលេខ៤ នាពេលនេះ គឺក្នុងគោលបំណងដើម្បីពញ្ញាក់អារម្មណ៍ឱ្យអ្នកបើកបរឆ្លងកាត់បានឃើញ Homepage មានការភ្ញាក់រលឹក និង បានយល់ដឹងពីការគោរពច្បាប់ចរាចរណ៍ នៅតាមបណ្តាផ្លូវជាតិលេខ៤ និង ផ្លូវផ្សេងៗទៀតផងដែរ ។ នៅពេលបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ។ ក្នុងឱកាសនោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និង អ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នឱ្យបានជាប់ជានិច្ចក្នុងពេលបញ្ជាយានយន្តតាមដងផ្លូវ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
ពិធីសម្ភោធស្លាកប៉ានណូអប់រំ សុវត្ថិភាពចរាចរណ៍ខ្នាតធំ ដែលមានការជួយឧបត្ថម្ភពីក្រុមហ៊ុន MSA នេះគឺ ក្រោមអធិបតីភាពលោកជំទាវ មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និង ដឹកជញ្ជូន និង ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង មានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្តកំពង់ស្ពឺ និង មន្ត្រីរាជការក្រោមឱវាទនៃសាលាខេត្តកំពង់ស្ពឺ ជាច្រើនរូបទៀតផងដែរ ៕
ដោយ៖សុថាត់