ធ្លាប់ឆ្ងល់អត់ ហេតុអ្វីអក្សរនៅលើឡានពេទ្យតែងសរសេរបញ្ច្រាស? តោះ! មកដឹងការពិតទាំងអស់គ្នា
មកដល់ថ្ងៃនេះហើយ នៅមានមនុស្សមួយចំនួននៅមិនទាន់យល់អំពីអត្ថន័យអក្សរនៅលើរថយន្តសង្គ្រោះបន្ទាន់ សរសេរបញ្ច្រាស ទោះបីជាហេតុផលនេះ មានមនុស្សជាច្រើនបានដឹងរួចទៅហើយក្ដី ។ ជាទូទៅនៅលើរថយន្តសង្គ្រោះបន្ទាន់តែងសរសេរជាភាសាអង់គ្លេសថា «Ambulance» ក្នុងន័យភាសាខ្មែរ «រថយន្តសង្គ្រោះបន្ទាន់» ។ ហេតុអ្វីបានជាគេចាំបាច់សរសេរបញ្ច្រាស ?
យោងតាមលោកវេជ្ជបណ្ឌិត វិបុល ម្ចាស់គ្លីនិកមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បានប្រាប់ថា មូលហេតុ បានជានៅលើឡានពេទ្យសរសេរពាក្យថា «Ambulance» ឬ «រថយន្តសង្គ្រោះបន្ទាន់» បញ្ច្រាស ពីព្រោះ ដើម្បីឱ្យអ្នកធ្វើដំណើរនៅខាងមុខឡានពេទ្យ អាចមើលឃើញអក្សរបានច្បាស់ និង ត្រឹមត្រូវ តាមរយៈកញ្ចក់មើលក្រោយ ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ប្រសិនបើសរសេរពាក្យ «Ambulance» ឬ «រថយន្តសង្គ្រោះបន្ទាន់» ត្រឹមត្រូវមិនបញ្ច្រាសនោះ អ្នកជិះនៅខាងមុខឡានពេទ្យនឹងមើលឃើញ ក្នុងកញ្ចក់មើលក្រោយជាពាក្យមិនត្រឹមត្រូវ និង បញ្ច្រាសវិញ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ