អ្នកវិទ្យសាស្ត្រផ្ដើមព្រួយបារម្ភ ក្រោយឃើញសាកសពកប៉ាល់ Titanic កាន់តែបាក់បែកលឿនលើសការរំពឹងទុក
សាកសពកប៉ាល់ដ៏ល្បី និង ធំជាងគេប្រចាំប្រវត្តិសាស្ត្រ Titanic ត្រូវបានអ្នកវិទ្យាសាស្ត្រចុះទៅទស្សនា លើកដំបូងជាថ្មី ក្រោយពេល ១៥ ឆ្នាំ ដែលបង្ហាញពីស្ថានភាពដ៏ចាស់ទ្រុឌទ្រោមខ្លាំងនៃកប៉ាល់មួយនេះ ដោយត្រូវបានធម្មជាតិនៅក្នុងសមុទ្រអាត្លង់ទិចលេបត្របាក់បន្តិចម្ដងៗ ។
ស្ថិតក្នុងជម្រៅប្រមាណ ៣ ៨១០ ម៉ែត្រ ក្រោមមហាសមុទ្រទឹកកកដ៏ធំនេះ កប៉ាល់ Titanic ត្រូវបានមីក្រុបសមុទ្រស៊ីបន្តិចម្ដងៗ រហូតបែកចេញជា ២ បំណែក ដាច់ចេញចំងាយរាប់រយម៉ែត្រពីគ្នា ។ ក្រុមនាវិកបានរកឃើញថា គ្រោងនៃគែមខាងស្ដាំនៃនាវាបានចាប់ផ្ដើមដាច់ធ្លាក់ ហើយតំបន់ប្រណីតៗ ក្នុងបន្ទប់នាវានេះ ក៏ត្រូវបានដាច់បែកបាក់ផងដែរ ។ តាមសាស្ត្រាចារ្យប្រវត្តិសាស្ត្រ នៃកប៉ាល់ Titanic លោក Park Stephenson បាននិយាយថា ការបែកបាក់នៃកប៉ាល់នេះ គឺពិតជាធ្វើឲ្យលោកមានការតក់ស្លុតជាខ្លាំង ។ ច្រកផ្លូវទាំងមូលនៅលើដំបូលខាងស្ដាំនៃនាវា គឺត្រូវបានដាច់រលំ ហើយការសឹករិចរិលកាន់តែបន្តយ៉ាងលឿនលើសពីការរំពឹងទុក ។ បន្ទប់របស់នាយនាវា ដែលជាកន្លែងសំខាន់មួយរបស់កប៉ាល់នេះនោះ ត្រូវបានបាត់បង់ទាំងស្រុង ។
ជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្រ Lori Johnson បានបង្ហាញការព្រួយបារម្ភថា សាកសពនៃកប៉ាល់ប្រចាំប្រវត្តិសាស្ត្រមួយនេះ អាចនឹងបាត់បង់រូបរាងជារៀងរហូតនៅថ្ងៃអនាគត ។ លោកបាននិយាយថា «សាកសពនៃកប៉ាល់នេះ នៅពេលអនាគតគឺនឹងបន្តដាច់បែកបាក់រហូត ព្រោះវាជាទង្វើររបស់ធម្មជាតិ ។ បាក់តេរីសមុទ្រ នឹងបន្តស៊ីផ្ដាច់ដែកនៃកប៉ាល់នេះ ហើយការរលាយបែកបាក់នេះ នឹងដំណើរការកាន់តែលឿន ៕
ដោយ៖ ភក្ត្រា
ប្រភព៖ Kenh14