គួរឱ្យព្រួយបារម្ភ ក្រោយឃើញទិដ្ឋភាពងងឹតស្លុបទាំងថ្ងៃនៃក្រុង Sao Paulo ពីផ្សែងឆេះព្រៃ Amazon
ប្រិយមិត្តសាកស្រមៃមើល៍ ពេលក្រោកឡើងពេលថ្ងៃ តែមើលទៅមេឃប្រៀបដូចកណ្ដាលយប់ ពិតជាមានអារម្មណ៍ភ័យខ្លាច និង ព្រួយបារម្ភមែនទែន ។ ហេតុការណ៍នេះ បានកើតមានឡើងកាលពីថ្ងៃច័ន្ទកន្លងទៅ លើទីក្រុងដែលមានប្រជាជនច្រើនជាងគេក្នុងប្រទេសប្រេស៊ីល ដែលបានប្រែទៅជាងងឹតស្លុបទាំងថ្ងៃ ក្រោយត្រូវផ្សែងពពកខ្មៅពីភ្លើងឆេះព្រៃនៅ Amazon គ្របដណ្ដប់បាំងបិទពន្លឺព្រះអាទិត្យជិតពេញផ្ទៃទីក្រុង ។
រូបភាព និង វីដេអូនៃទិដ្ឋភាពងងឹតដូចយប់នៃទីក្រុងមួយនេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលជាហេតុធ្វើឲ្យមហាជនជាច្រើនពាសពេញពិភពលោក បង្ហាញពីក្ដីព្រួយបារម្ភជាខ្លាំងពីផលប៉ះពាល់ចំពោះបរិស្ថាន និង ជីវិតមនុស្សសត្វលើភពផែនដីនេះ ប្រសិនបើហេតុការណ៍ឆេះព្រៃដ៏អាក្រក់មួយនេះ នៅបន្តឆេះមិនរលត់ ។
តំបន់ព្រៃលិចទឹក Amazon កំពុងទទួលរងនៅការឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរយៈពេលច្រើនសប្ដាហ៍ រហូតមកទល់ពេលនេះ នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ ខណៈធនធានធម្មជាតិ និង សត្វព្រៃជាច្រើនប្រភេទបានបន្តងាប់រណូករណែល ។ ខណៈជាព្រៃលិចទឹកដ៏ធំជាងគេ និង ចាត់ទុកជាសួតនៃភពផែនដី ការឆេះព្រៃ Amazon នេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និង មនុស្សជាច្រើនមានការបារម្ភពីការបាត់បង់ព្រៃមួយនេះ និង បាននាំគ្នាចាត់វិធានការរៀងៗខ្លួន ក្នុងការទប់ស្កាត់ ពន្លត់ភ្លើងឆេះព្រៃដ៏មហិមារមួយនេះ ៕
ប្រភព៖ BoredPanda