ស្រឡាញ់គេមិនបានសម្រេច ប្លុកគេចោល អាក្រក់ ឬអត់?
សេចក្តីស្រឡាញ់កើតឡើងនៅពេលដែលយើងគាប់ចិត្ត ឬពេញចិត្តទៅលើនរណាម្នាក់ ពេលខ្លះវាត្រូវការប្រើពេលវេលា ហើយពេលខ្លះឃើញភ្លាមក៏ស្រឡាញ់ភ្លែត ក៏មាន ។ ការស្រឡាញ់គ្មានហេតុផល ហើយច្រើនតែបេះដូងជាអ្នកដឹកនាំអារម្មណ៍ឱ្យស្រឡាញ់ ទោះបីជាមិនបានដឹងថា គេមានចិត្តស្រឡាញ់យើងវិញ ឬ អត់ក៏ដោយ ។ នៅពេលដែលការស្រឡាញ់របស់អ្នកចំពោះនាង ឬ គាត់ កាន់តែច្រើនឡើង អ្នកក៏សម្រេចចិត្តសារភាពប្រាប់គេ តែអ្វីដែលធ្វើឱ្យអ្នកឈឺចាប់បំផុតនោះគឺចម្លើយដែលអ្នកទទួលបាន នាង ឬ គាត់មិនស្រឡាញ់អ្នកឡើយ ។ ពេលនោះអ្នកចង់បំភ្លេចរឿងគ្រប់យ៉ាងចោលដោយការប្លុកហ្វេសប៊ុកគេម្នាក់នោះ ។
តើការស្រឡាញ់គេមិនបានសម្រេច ប្លុកគេចោល អាក្រក់អត់ ?
ទង្វើនេះវាមិនអាក្រក់ឡើយ ព្រោះនៅពេលទទួលបានការបដិសេធការទទួលយកសេចក្តីស្រឡាញ់ពីនរណាម្នាក់ ៖
១. អ្នកពិតជាខកបំណងជាខ្លាំង ៖ ដោយសារអ្នកបានចំណាយពេលវេលា ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ស្ទើរតែគ្រប់ដង្ហើមចេញចូលរបស់អ្នក គិតពីនាង ដោយពេលខ្លះអ្នកអាចភ្លេចនៅមនុស្សជាច្រើនតលនៅជុំវិញអ្នក ។ អាចនិយាយបានថាអ្នកអស់សង្ឃឹមខ្លាំងមែនទែន។ ដូច្នេះវាមិនខុសទេប្រសិន បើអ្នកគ្រាន់តែប្លុកមនុស្សម្នាក់នោះ ហើយគិតពីនាក់ផ្សេងវិញ ។
២. ការស្រឡាញ់វាងាយស្រួលជាងការបំភ្លេច ៖ នៅពេលដែលស្រឡាញ់ គ្រប់ទង្វើរបស់គេ មានទាំងស្នាមញញឹម កាយវិការ វាបានកត់ត្រាទុកនៅក្នុងខួរក្បាលរបស់អ្នកទៅហើយ តើឱ្យលុបវាចេញបានដោយរបៀបណាទៅ បើរាល់ថ្ងៃខំបំភ្លេចដែរ តែពេលបើកហ្វេសប៊ុកមក តែងតែឃើញស្នាមញញឹមរបស់គេ មើលមកអ្នកគ្រប់ពេលបែបនេះ។ អ៊ីចឹងហើយមានតែប្លុកចេញទើបឈប់ឃើញ ។
តែបើគិតមកបែបល្អៗវិញ ទោះបីជាគេមិនបានស្រឡាញ់អ្នក មិនមែនមានន័យថាគេស្អប់អ្នកឯណា ? ការស្រឡាញ់គឺមិនអាចបង្ខំបានឡើយ ហើយមិនមែនមានន័យថា ក្រៅពីគេម្នាក់ អ្នកនឹងគ្មានអ្នកណាស្រឡាញ់អ្នកទៀតឡើយ វាអាចថាអ្នកមិនទាន់ជួបគូព្រេងក៏ថាបាន ។ មួយវិញទៀតការស្រឡាញ់មនុស្សម្នាក់ គឺអ្នកត្រូវមានក្តីសុខនៅពេលឃើញគេទទួលបានក្តីសុខដូចគ្នា ។ ជាចុងក្រោយ បើមិនអាចធ្វើជាសង្សារបានធ្វើជាមិត្តភក្តិនឹងគ្នាក៏មិនអាក្រក់ដែរ ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ?