រូបភាពដ៏កម្រ ទិដ្ឋភាពក្បួនដង្ហែព្រះបរមសពសម្ដេចព្រះសង្ឃរាជ ជួន ណាត កាលពី ៥០ ឆ្នាំមុន
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ប្រសូតនៅថ្ងៃទី ១១ មីនា ព.ស.២៤២៧ គ.ស.១៨៨៣ ។ ទ្រង់សុគតនៅថ្ងៃទី ២៥ កញ្ញា ព.ស.២៥១៣ គ.ស.១៩៦៩ ។
ទ្រង់ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ។ ស្នាព្រះហស្តដ៏សំខាន់របស់ទ្រង់គឺ នៅព.ស.២៤៦៣ គ.ស.១៩១៩ សម្ដេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែងវចនានុក្រមខ្មែរ ដែលទ្រង់ជាលេខាធិការ កាន់កិច្ចការផ្ទាល់ លុះត្រាបានចប់ចុងចប់ដើម ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត មានស្នាព្រះហស្តយ៉ាងធំធេងនៅក្នុងវិស័យអក្សរសាស្រ្តខ្មែរ ។ ព្រះសង្ឃរាជ បានកសាងគម្ពីរដីកាជាច្រើនណាស់ ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្ដេចប្រមូលរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរ សម្រាប់ពុទ្ធបរិស័ទរៀនសូត្រ ។ សៀវភៅខ្លះជាសៀវភៅដែលកម្រនឹងធ្វើកើត ទាំងមានប្រយោជន៍ជាច្រើនណាស់ ។
ជាការសោកស្តាយយ៉ាងខ្លាំងដែលខ្មែរត្រូវបាត់បង់ធនធានអ្នកប្រាជ្ញខាងអក្សរសាស្រ្តជាតិដ៏សំខាន់ នៅកំឡុងឆ្នាំ ១៩៦៩នោះ ។
ខាងក្រោមនេះជារូបភាពដ៏កម្រក្នុងព្រះរាជពិធី ដង្ហែព្រះបរមសពរបស់ទ្រង់៖
ប្រភព៖ វត្តរាជបូណ៌ ក្រុងសៀមរាប