ត្រីស្លាត ស្ថិតក្នុងបញ្ជីក្រហមជិតផុតពូជ ប៉ុន្តែមានច្រើននៅកម្ពុជា
កាលពីពេលថ្មីៗនេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានចេញផ្សាយព័ត៌មានពីត្រីមានស្រកាមួយប្រភេទចេញពីប្រភព ffish.asia, fishbase.org និង iucnredlist.org ដែលជាប្រភេទត្រីទឹកសាប ដែលរស់នៅក្នុងទឹកសាបផង និង ទឹកភ្លាវផង ។ វាអាចធំលូតលាស់បានល្អណាស់ នៅក្នុងទឹកនឹង នៅក្នុងទន្លេ ស្ទឹង បឹង ត្រពាំង និង តំបន់វាលទំនាបលិចទឹក ។
ត្រីស្លាត មានឈ្មោះវិទ្យាសាស្ត្រថា Notopterus notopterus និង ឈ្មោះជាភាសាអង់គ្លេស Bronze featherback មានប្រវែងដងខ្លួនអតិបរមា ៦០,០ ស.ម ប្រវែងដងខ្លួនទូទៅសរុប ២៥,០ស.ម ។ ក្នុងរដូវវស្សា វាធ្វើចរាចរផ្លាស់ទីចេញពីទន្លេមេគង្គចូលទៅក្នុងតំបន់វាលទំនាបលិចទឹក និង ត្រឡប់ចូលទៅជម្រកដើមវិញ ឬ ចូលទៅក្នុងតំបន់ដែលមានទឹកជាប្រចាំវិញ ក្នុងរដូវប្រាំង ។ ត្រីស្លាត ស៊ីសត្វល្អិត ត្រី សិប្បិជាតិ និង ឬសខ្ចីៗរបស់វារិរុក្ខជាតិផងដែរ ។ ត្រីស្លាត ត្រូវបាន គេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Least Concern) ក្នុងឆ្នាំ ២០០៩ ជាប្រភេទត្រីមានការព្រួយបារម្ភតិចតួច ដែលនឹងឈានទៅផុតពូជ ។
លក្ខណៈសម្គាល់របស់ត្រីស្លាត វាមានខ្លួនស្តើង ពណ៌ប្រផេះពេលមិនទាន់ពេញវ័យ ពេលពេញវ័យប្រែពណ៌ក្រម៉ៅ (ជាទូទៅ វាប្រែពណ៌តាមទឹក) ។ មានព្រុយគូទវែង ចាប់ពីព្រុយពោះរហូតដល់ព្រុយកន្ទុយ ។ ស្រកានៅក្បែរក្បាលធំ ឯស្រកា នៅតាមដងខ្លួនល្អិតៗ។ ក្បាលផតបន្តិច ។ សូមចូលរួមជួយថែរក្សាព្រៃលិចទឹក ដែលជាជម្រកពងកូនរបស់មច្ឆជាតិឱ្យបានគង់វង្ស និង ជួយលប់បំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមគាត់គ្រប់ប្រភេទ ប្រយោជន៍ដើម្បីឱ្យត្រីគ្រប់ប្រភេទសម្បូរឡើងវិញ សម្រាប់ទុកឱ្យកូនចៅយើងជំនាន់ក្រោយ ៕