ប្រពៃណាស់ ជប៉ុនជួយកសិករ ខេត្តកណ្តាល និង កំពង់ស្ពឺ ឱ្យធ្វើស្រែបាន ៣ ដងក្នុង ១ ឆ្នាំ
នេះពិតជាល្អប្រពៃណាស់ ប្រទេសជប៉ុន បានប្រែក្លាយ ផ្ទៃដីស្រែរបស់ប្រជាកសិករ ប្រមាណជា ២ ២០១ហិកតា ដែលធ្លាប់តែធ្វើបានតែមួយដងក្នុងមួយឆ្នាំ ឱ្យធ្វើបានរហូតដល់ទៅ ៣ ដងក្នង ១ ឆ្នាំ តាមរយៈ ការកសាង ប្រព័ន្ធធារាសាស្ត្រ នៅស្រុកកណ្តាលស្ទឹង ស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងស្រុក សំរោងទង ក្រុងច្បារមន និង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមគម្រោង JICA ។
លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំង ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ និង មន្ត្រីបច្ចេកទេសក្រសួងបានចូលរួមដំណើរជាមួយលោក Suzuki Hiroshi អគ្គនាយក JICA ប្រចាំទីក្រុងតូក្យូ និង ជាប្រធានក្រុមបេសកកម្មស្វែងរកការពិត (Fact Finding Mission) លោក Kotaro Tanaka អនុប្រធាន JICA ប្រចាំកម្ពុជា និង មន្រ្តីជំនាញ បានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងស្រុក សំរោងទង ក្រុងច្បារមន និង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីសម្រេចលើការស្នើសុំអនុវត្តន៍ការសាងសង់នូវប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះ ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់ការជួសជុល និង សាងសង់ ហើយក្រោយពីការសាងសង់រួច គម្រោងទាំងពីរនេះនឹងអាចផ្តល់ទឹកធ្វើស្រែ បានចំនួន ៣ ដង ក្នុង ១ឆ្នាំ ក្នុងនោះ ស្រូវបង្កើនរដូវវស្សាបានចំនួន ១ ២០០ ហិកតា ស្រូវរដូវវស្សាបានចំនួន ២ ២០១ ហិកតា និង ស្រូវប្រាំងបានចំនួន ៤០០ហិកតា សម្រាប់ប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង និង ធ្វេីស្រែបានចំនួន ២ដង ក្នុង ០១ឆ្នាំ ក្នុងនោះស្រូវវស្សា បានចំនួន ១ ៦៩១០ ហិកតា និង ស្រូវប្រាំងបានចំនួន ១៥០០ ហិកតា សម្រាប់ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ព្រមទាំងជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ ។
ក្រោយពីបានចុះពិនិត្យប្រព័ន្ធធារាសាស្ត្រទាំង ២ នេះ រួចមក លោក Suzuki Hiroshi និង លោក Kotaro Tanaka បានទទួលស្គាល់នូវសារៈសំខាន់ និង ភាពចាំបាច់ក្នុងការជួសជុល និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះ ដោយលើកយកសំណើរសុំសាងសង់នេះ ទៅពិភាក្សាលម្អិតជាមួយក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ មុននឹងសម្រេចលើការស្នើសុំសាងសង់ខាងលើនេះ ៕