ប៉ុណ្ណេះអ្នកនៅព្រែកប្រា,ច្បារអំពៅ លែងតឹងចិត្តហើយ ព្រោះស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួន ២ ទៀតនឹងត្រូវធ្វើឡើងឆាប់ៗ
ក្នុងកិច្ចប្រជុំផ្លូវការមួយ កាលពីល្ងាចថ្ងៃទី ២ ខែមករា ឆ្នាំ ២០២០ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួន ២ ទៀត នៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីរំដោះចរាចរណ៍នៅតាមបណ្ដោយផ្លូវអមសងខាងទន្លេបាសាក់ ។ បើតាមការបង្ហាញនៅក្នុងកិច្ចប្រជុំមួយ ជាមួយក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ពីរ ចន្លោះពីស្ពានព្រះមុនីវង្ស និង ស្ពានទន្លេបាសាក់ តាខ្មៅ (ស្ពានព្រែកសំរោង) ដោយ គម្រោងទី១-តភ្ជាប់ត្រង់ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ស្ពាននេះ ចាប់បន្តពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ជាប់ខាងជើងវត្តចាក់អង្រែលើ ទន្លេបាសាក់ ផ្លូវលេខ ៣៦៩ និង តភ្ជាប់ គម្រោងផ្លូវ ៣០- ៥០ ម៉ែត្រ ដែលមានទទឹងប្រវែង ៧ ម៉ែត្រ និង បណ្តោយប្រវែង ៨៨៧ម៉ែត្រ ។
ទោះជាយ៉ាងណាក្តី ក៏នៅក្នុងកិច្ចប្រជុំនោះ គ្រាន់តែជាគម្រោងដែលបាន និង កំពុងសិក្សានៅឡើយ មិនទាន់កំណត់ថា នឹងត្រូវសាងសង់នៅពេលណាឱ្យបានច្បាស់លាស់នោះទេ គ្រាន់តែថា នៅពេលឆាប់ខាងមុខនេះ ៕