សូមសរសើរដោយស្មោះ ក្រុមនិស្សិត និង យុវជន ស្ម័គ្រចិត្តបានដើររើសសំរាមនៅក្រុងសែនមនោរម្យ
ពិតជាគួរឱ្យសរសើរខ្លាំងណាស់ ដែលក្រុមនិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និង ក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានដើររើសសំរាមតាមដងផ្លូវ ដើម្បីសំអាត អនាម័យ និង បរិស្ថាន នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ការដើររើសសំរាម និង សំអាត អនាម័យនៅក្រុងសែនមនោរម្យនេះគឺធ្វើឡើង ដើម្បីបំផុសចលនាដល់ប្រជាពលរដ្ឋ និង សាធារណជន មានការយល់ដឹង និង ចូលរួមសំអាតអនាម័យបរិស្ថានទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យខេត្តមណ្ឌលគិរី ក៏ដូចជាប្រទេសកម្ពុជា កាន់តែមានសោភ័ណ្ឌភាពល្អ ជានិច្ច ។
កម្មវិធីនេះបានធ្វើឡើងកាលដើមខែមករា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច សហការជាមួយក្រុមការងារសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ខេត្តមណ្ឌលគិរី សរុបប្រមាណជា ១៣០ នាក់ រួមគ្នាសំអាតអនាម័យបរិស្ថាននៅលើសួនច្បារ ក្នុងក្រុងសែនមនោរម្យ ។
លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ ដែលបានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តបានឱ្យដឹងថា ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ចុះមកទស្សនកិច្ចនៅទឹកដី នៃខេត្តមណ្ឌលគិរី រួមទាំងការផ្សារភ្ជាប់នូវកិច្ចការងារសង្គមផងដែរ ។ នេះជាការងារដ៏ប្រសើរមួយ ដែលយុវជនគ្រប់រូបគួរយកគំរូតាម ហើយនាំគ្នាចូលរួមសំអាតអនាម័យបរិស្ថានឱ្យបានស្អាត គ្រប់ទីកន្លែងដើម្បីបំផុសឱ្យសាធារណៈជន រួមគ្នាចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា ៕