បញ្ជូនជនសង្ស័យពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន និង ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋទៅតុលាការ
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនលោកស័ក្តិ៤កន្លះ ភិន រតនៈ ប៉ូលិសនៃមន្ទីរ ប្រឆាំងគ្រឿងញៀន ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ៦ ខែមករា ២០២០ នេះ ដែលពាក់ព័ន្ធនឹងករណីប្រើប្រាស់ គ្រឿងញៀន រួចបង្ហោះជាសាធារណៈ និង ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
ជនសង្ស័យ ភិន រតនៈ អាយុ ៣៧ ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យោងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ អ៊ុំ រិទ្ធី ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន ជ័យ ។
ជនរងគ្រោះ បានអះអាងថា កាលពីរសៀលថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ឈ្មោះ ភិន រតនៈ និង មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣ នាក់ទៀត បានជិះរថយន្តម៉ាក អាល់ហ្វាត និង បក្ខពួក ២ នាក់ ទៀត ជិះម៉ូតូណៃហត ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ ។
បន្ទាប់មកជនសង្ស័យឈ្មោះ ភិន រតនៈ បានដកអាវុធខ្លី មិនស្គាល់ម៉ាក បាញ់ឡើងលើមួយគ្រាប់ និង បញ្ជាឱ្យកូនចៅទៅយកលុយពីជនរងគ្រោះអស់លុយដុល្លារចំនួន ៣ ២០០ ដុល្លារ លុយខ្មែរចំនួន ២៨ ម៉ឺនរៀល និង ទូរស័ព្ទដៃម៉ាកសាំសុង ចំនួន ១ គ្រឿង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្តឹងក្រុមជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោម ភ្លាមៗ ទើបឈានដល់មានការឃាត់ខ្លួនជនសង្ស័យ ពិសេសបន្ទាប់ពីបែកធ្លាយវីដេអូឃ្លីប របស់ជនសង្ស័យឈ្មោះ ភិន រតនៈ ប្រើប្រាស់គ្រឿងញៀន តាមបណ្តាញសង្គម ហ្វេសប៊ុក ផងដែរ ៕