វេទនាផ្ទួនៗម្ល៉េះ! ទើបបាក់អគារស្លាប់ជាច្រើននាក់ ពេលនេះពលរដ្ឋខ្មែររាប់គ្រួសារកំពុងគ្មានទីជម្រក
ប្រជាជនខ្មែរទូទាំងប្រទេសកំពុងកាន់ទុក្ខការបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ទាំង ៣៦នាក់ ដែលត្រូវអគារ ៦ ជាន់បាក់សង្កត់នៅខេត្តកែប ពេលនេះស្រាប់តែមានគ្រោះអាក្រក់មួយទៀតកើតឡើងចំពោះប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវត្រូវអគ្គិភ័យលេបត្របាក់ផ្ទះសម្បែងអស់ជាច្រើនល្វែង ។
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង១៖៣០នាទីយប់ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បណ្ដាលឱ្យផ្ទះឈើប្រក់ស័ង្កសី ១៥ល្វែង ស្មើ១៧០គ្រួសារ ត្រូវឆាបឆេះអស់ទាំងស្រុង ។
ពាក់ព័ន្ធនឹងមូលហេតុដែលបណ្ដាលឱ្យកើតគ្រោះអគ្គិភ័យនេះឡើងត្រូវបាន ប្រជាពលរដ្ឋនៅតំបន់កើតហេតុលើកឡើងថា មានឮសំឡេងផ្ទុះលាន់យ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋជាច្រើនបានរត់ចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ និង រាលដាលយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ។ បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចជំនាញបង្ការ និងពន្លត់កាអគ្គិភ័យ ឲ្យចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងដែរ ប៉ុន្តែទំហំនៃការឆាបឆេះខ្លាំងក្លាពេកទើបមិនអាចគ្រប់គ្រងបាន ។
សោកនាដកម្មភ្លើងផ្ទះយ៉ាងសាហាវនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៤១គ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ទឹកអស់ជាច្រើនគ្រឿង ទើបអាចទប់ស្កាត់ការឆាបឆេះនេះ មិនឲ្យរាលដាលទៅផ្ទះជិតខាងផ្សេងៗទៀត ។
ចំណែកឯដើមចងដែលបង្កឲ្យមានគ្រោះអគ្គិភ័យ នៅមិនទាន់ដឹងមូលហេតុនោះទេ ហើយទំហំនៃការខូចខាតសមត្ថកិច្ចជំនាញនៅមិនទាន់ អាចបញ្ជាក់ច្បាស់នៅឡើយទេ ព្រោះកំពុងតែធ្វើការស្រាវជ្រាវ ៕
រូបភាព៖ ប៉ូចគឹមសុខ