រកមូលហេតុ ដែលនាំឱ្យឆេះក្បាលរថយន្ត ២គ្រឿង នៅក្នុងឃ្លាំងលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងនោះឃើញហើយ!
ក្បាលរថយន្តចំនួន ២ គ្រឿងបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅក្នុងឃ្លាំងរថយន្តមួយកន្លែងនៅវេលាម៉ោងជិត ១០ ព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយពន្លត់ ។
ចំពោះមូលហេតុនៃការឆេះគឺដោយសារមានមនុស្សបានដុតសំរាមនៅក្នុងធុងដែក ក៏ស្រាប់តែឆេះរាលដាល ដល់ក្បាលរថយន្ត ដែលនៅជិតនោះ រហូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ តែមិនរលត់ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកត្រួតពិនិត្យ និង បានរាយការណ៍បន្តទៅខាងរថយន្តពន្លត់អគ្គីភ័យចេញរថយន្តទៅជួយពន្លត់ ។
ក្នុងករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ ២ គ្រឿង ទើបរលត់ទៅវិញ តែរថយន្តដែលមកដល់កន្លែងកើតហេតុមានចំនួន ៤ គ្រឿង ៕