ប្រជាពលរដ្ឋ ៨ ០០០ គ្រួសាររស់នៅដងស្ទឹងមង្គលបុរី ប្រឈមនឹងខ្វះទឹកប្រើប្រាស់
ប្រជាពលរដ្ឋជាង ៨ ០០០គ្រួសារ ដែលរស់នៅ ស្របតាមដងស្ទឹងមង្គលបុរី ក្នុង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយសារតែទឹកស្ទឹងមានការរីងស្ងួត ហើយយ៉ាងយូរក្នុងរយៈពេល ៣ ឬ ៤ថ្ងៃទៀត ទឹកស្ទឹងនឹងរីងតែម្តង ហើយស្រូវប្រាំងប្រជាពរដ្ឋរាប់ពាន់ហិកតា ត្រូវប្រឈមនឹងការខូចខាតផងដែរ ។
ដើម្បីដោះស្រាបញ្ហាខ្វះទឹកប្រើប្រាស់នេះ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានអញ្ជើញចុះពិនិត្យ និង ចាត់ចែងការងារអន្តរាគមន៍បូមទឹកពីក្នុងស្ទឹងសិរីសោភ័ណ បញ្ជូនទៅកាន់ស្ទឹងមង្គលបូរី ស្ថិតក្នុង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលទឹកជិតនឹងរីងខះទៅហើយ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុង ស្រុកមង្គលបូរី ប្រមាណជា ៨ ០០០ គ្រួសារ ប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ធ្វើស្រែប្រាំង និង ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្រេចផ្ដល់ជូននូវស្ថានីយបូមទឹកហ៊ុនសែន (បណ្តែតទឹក) ដែលមានទុយោទំហំ ៥ តឹក ចំនួន ០១ ស្ថានីយ ព្រមទាំងបានណែនាំឱ្យក្រុមអ្នកបច្ចេកទេស ធ្វើការសិក្សា ដើម្បីឈានទៅសាងសង់ប្រឡាយបេតុង ០១ ខ្សែ ប្រវែងប្រមាណ ៨ គីឡូម៉ែត្រ ចេញពីស្ថានីយ ទៅភ្ជាប់នឹង ស្ទឹងមង្គលបូរី ដែលប្រឡាយនេះ មានតួនាទីជាប្រឡាយស្រោចស្រពផង និង ជាប្រឡាយនាំទឹកសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបូរីផងដែរ ។ មកដល់ពេលបច្ចុប្បន្ននេះ សម្រាប់ស្រុកមង្គលបូរី មិនទាន់មានអ្វីត្រូវព្រួយបារម្ភនោះទេ ដោយឯកឧត្ដមរដ្ឋមន្ត្រី បានសម្រេចតម្លើងម៉ាស៊ីនបូមទឹកចំនួន ៣ គ្រឿង បូមទឹកបង្ហូរទៅស្ទឹងមង្គលបូរី ៕