ក្រសួងសាធារណការ និង ដឹកជញ្ជូន រកប្រាក់ចំណូលសម្រាប់រដ្ឋបានជាង ១១ លានដុល្លារ
ក្នុងឆ្នាំ ២០១៩ កន្លងទៅក្រសួងសាធារណការ និង ដឹកជញ្ជូន រកប្រាក់ចំណូលសម្រាប់រដ្ឋបានជាង ៤៨,៥ ពាន់លានរៀល (ប្រមាណ ១១,៨៩ លានដុល្លារ) ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៩ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ។
ចំពោះប្រភពចំណូលច្រើនជាងគេ គឺការលក់លេខចុះបញ្ជីយានយន្ត មានប្រមាណ ១,៥ លានដុល្លារ និង ការពិន័យ ការដាក់ទណ្ឌកម្មពិន័យ មានជាង ១,៣ លានដុលា្លរ ។ ក្រៅពីនេះក៏មានប្រភពចំណូលពីប្រាក់ចំណេញរបស់សហគ្រាសសាធារណៈ មាន ១,១ លានដុលា្លរ, ចំណូលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន មានជាង ៣៥ ម៉ឺនដុលា្លរ, ចំណូលពីការចុះបញ្ជីយានយន្ត និងជលយាន មាន ១០ ម៉ឺនដុល្លារ, ចំណូលពីការផ្តល់ប័ណ្ណបើកបរគ្រប់ប្រភេទ មានជាង៨ម៉ឺនដុល្លារ និងចំណូលបានពីការជួលសម្ភារបរិក្ខារ មធ្យាបាយដឹកជញ្ជូន និងគ្រឿងចក្រមាន ៤,៨ ម៉ឺនដុល្លារ ។
ទន្ទឹមនេះ ក៏មានការទទួលផលពីការបង្កើតសហគ្រាសជិត ៤២ ម៉ឺនដុល្លារ, ចំណូលពីការជួលដី និង អាគារ ជាង ២០ ម៉ឺនដុល្លារ, ចំណូលពីផលផ្សេងៗ និង ផលពិសេសមានជាង ៦,២ លានដុល្លារ និង ប្រាក់ចំណូលបានពីបដិភាគក្នុងនិងក្រៅប្រទេសមាន ២ លានដុល្លារ ផងដែរ ៕