ពិតជាល្អខ្លាំងណាស់ រោងចក្រមួយនៅខេត្តកំពង់ចាមបង្កើតបណ្ណាល័យឱ្យកម្មការ ចូលអាននៅពេលសម្រាកពីការងារ !
នេះអាចចាត់ទុកជារោងចក្រគំរូមួយ សម្រាប់រោងចក្រដទៃទៀត ដែលរោងចក្រមួយនេះបានបង្កើតបណ្ណាល័យមួយ នៅក្នុងរោងចក្រ ដើម្បីទុកសម្រាប់ឱ្យកម្មករ កម្មការិនី ចូលអាន នៅពេលសម្រាកពីការងារ ដើម្បីបង្កើនចំណេះដឹង កាត់បន្ថយនូវការមើលទូរស័ព្ទ ។ បណ្ណាល័យនេះ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២០ នេះ ។
រោងចក្រគំរូ ដែលបង្កើតបណ្ណាល័យ-មណ្ឌលធនធាន សម្រាប់ឱ្យកម្មករ កម្មការិនីអាន នៅពេលសម្រាកពីការងារនេះគឺមានឈ្មោះ មេតថេក ខេមបូឌាខប លីមីតធីត ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ អញ្ជើញជាអធិបតី នៅក្នុងពិធីសម្ភោធបណ្ណាល័យនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា វិស័យរោងចក្រកាត់ដេរនៅទូទាំងខេត្តកំពង់ចាម បានផ្តល់ឱកាសឱ្យកម្មករ-កម្មការិនី យើងជាង៣ម៉ឺននាក់ មានការងារធ្វេី មានប្រាក់ខែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ ។ ហើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់លើគ្រប់វិស័យ ដេីម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី ក្នុងនោះ ក៏មានការផ្ដល់នូវសេវាគាំពារសង្គម ការលើកម្ពស់សុខភាពមាតា និង ទារក សម្រាប់បងប្អូនជាស្ត្រី តាមរយៈ ការប្រើប្រាស់នូវប័ណ្ណ បសស និង ប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ផងដែរ ។ ដូច្នេះសូមឱ្យបងប្អូនស្ត្រីទាំងអស់ ជាពិសេស ស្ត្រីដែលមានផ្ទៃពោះ សូមប្រើប្រាស់សេវានេះ ឱ្យមានប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយ និង លើកកម្ពស់អត្រាមរណៈភាពមាតា និង ទារកផងដែរ ។
ឯកឧត្តម អភិបាលខេត្ត្ មានប្រសាសន៍បន្តទៀតថា ហើយការបើកសម្ភោធបណ្ណាល័យ-មណ្ឌលធនធាននៅក្នុងរោងចក្រនេះគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ឱ្យបងប្អូនកម្មករ កម្មការិនីយើង ដែលបម្រើការងារនៅក្នុងរោងចក្រនេះបានចូលអាន នៅពេលសម្រាកពីការងារ ដើម្បីបង្កើននូវចំណេះដឹង ព្រោះថា មានតែការអានសៀវភៅនោះទេ ដែលធ្វើឱ្យយើងកើននូវចំណេះដឹង និង ប្រាជ្ញា ស្មារតី និង កាត់បន្ថយនូវការមើលទូរស័ព្ទ ។
សម្ភារ ក្នុងបណ្ដាល័យ ដែលបានបេីកសម្ពាធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន៖ ១-សៀវភៅចំណេះដឹងទូទៅចំនួន២ ០០០ក្បាល, ២-កំព្យូទ័រចំនួន ១គ្រឿង (សម្រាប់កត់ត្រាការខ្ចីសៀវភៅយកទៅអាន) ,៣-ថេបប្រូតចំនួន៣ គ្រឿង (សម្រាប់ឱ្យកម្មករអនុវត្តន៍ការប្រើប្រាស់គ្រឿងអេឡិចត្រូនិច), ៤-ទូរទស្សន៍ចំនួន១ គ្រឿង (សម្រាប់ផ្សាយស្ពតអប់រំផ្សេងៗ) ,៥-ម៉ាស៊ីនបាញ់បាកូដ ចំនួន១ គ្រឿង ,៦-កាសស្តាប់ត្រចៀក ចំនួន២ គ្រឿង និង សម្ភារផ្សេងៗមួយចំនួនទៀត ៕