អ្នកប្រើគ្រឿងសម្អាងប្រយ័ត្នផង ឥលូវនេះសមត្ថកិច្ចបង្ក្រាបទីតាំងផលិតគ្រឿងសម្អាងក្លែងក្លាយបានពីរកន្លែងទៀតហើយ
កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ កម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ បានបង្ហាញមុខម្ចាស់ទីតាំង ផលិត និង ចែកចាយ គ្រឿងសម្អាងក្លែងក្លាយ ពីរកន្លែង នៅក្នុងខណ្ឌទួលគោក បន្ទាប់ពីបង្ក្រាបកាលពី ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០ កន្លងទៅ ។
ទីតាំងទី១ ស្ថិតនៅផ្ទះលេខ៥៨z និង ទីតាំងទី២ ស្ថិតនៅផ្ទះលេខ៥០z ផ្លូវលេខ១៣៤z ក្រុម២៣ ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ឈ្មោះ យ៉ាង ផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ ជាជនជាតិខ្មែរ ។
ក្នុងពេលប្រតិបត្តិការនេះ សមត្ថកិច្ច បានរកឃើញ និង សម្រេចដកហូតគ្រឿងសម្អាងជាច្រើនប្រភេទ ដែលត្រូវបានផលិត និង ចែកចាយដោយខុសច្បាប់ យកទៅរក្សាទុកដើម្បីចាត់ការបន្ត ។ ម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំយកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕