ផ្ទុះប្រតិកម្ម ជុំវិញការយកលុយដាក់តាមកាំជណ្តើរ ហើយដើរជាន់
បន្ទាប់ពីមានការបង្ហោះរូបភាពនៃពិធីឡើងផ្ទះមួយ នៅខេត្តកំពង់ឆ្នាំង ដែលធ្វើឱ្យផ្អើលបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏បានលេចចេញនូវប្រតិកម្មពីសំណាក់មជ្ឈដ្ឋានមហាជនចំពោះទង្វើមិនសមស្របរបស់ម្ចាស់ផ្ទះ ដែលបានយកលុយដាក់នៅតាមកាំជណ្តើរ ហើយដើរជាន់ ។
មានមតិរិះគន់ជាច្រើន តែក្នុងនោះអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ វិទ្យុរិទ្ធិសែន កំពង់ឆ្នាំង បានសរសេរសារបង្ហោះថា ៖ ក្នុងនាមខ្ញុំជាកូនខ្មែរទទួលយកមិនបានទេ !!! នេះជាពិធី ឡើង សេតវិមានរបស់ឯកឧត្តម(បណ្ឌិត) ឈួរ ច័នឌឿន អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ ។ មិនដឹងជាហោរាមកពីឋានណាទេ ដែលទស្សន៍ទាយឱ្យធ្វើពិធី យកក្រដាសប្រាក់រៀល ដែលមានរូបព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រៀបលើកាំជណ្ដើរហេីយ ដើរជាន់ ពីលេីរបៀបនេះ ។(ហួសចិត្តនិងវាចា) ៕