គ្រោះថ្នាក់ញឹកញាប់ពេក រដ្ឋបាលខេត្តកំពង់ស្ពឺធ្វើពិធីសូត្រមន្តរំដោះគ្រោះ និង ឧទ្ទិសកុសលដល់ជនរងគ្រោះ
បន្ទាប់ពីពិនិត្យឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងជារើយៗនៅលើផ្លូវជាតិលេខ ៤ និង តាមបណ្តាផ្លូវមួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺនោះ នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០នេះ អភិបាលខេត្តកំពង់ស្ពឺបានដឹកនាំមន្ត្រីក្រោមឱវាទធ្វើពិធីសូត្រមន្តរំដោះគ្រោះ និង ឧទ្ទិសកុសលជូនទៅដល់ជនរងគ្រោះ ដែលរងគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា ដើមហេតុដែលរដ្ឋបាលខេត្តបានរៀបចំពិធី សូត្រមន្តរំដោះគ្រោះ និង ឧទ្ទិសកុសលជូនទៅដល់ជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និង ផ្លូវសំខាន់នានា តាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺនាពេលនេះ ដោយសារតែជាបន្តបន្ទាប់មកនេះ សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ និង ផ្លូវសំខាន់នានាក្នុងខេត្ត បានបន្តកើតមានស្ទើររាល់ថ្ងៃ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ និង រងរបួស ព្រមទាំងខូចខាតរថយន្ត និង បំផ្លាញទ្រព្យសម្បត្តិទាំងរដ្ឋ និង ឯកជនអស់ជាច្រើនទៀត។
ឯកឧត្តម វ៉ី សំណាង ក៏បានរំលឹកដល់អ្នកបើកបរ ឬ អ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានជាប្រចាំ ទោះបីចម្ងាយផ្លូវជិត ឬ ឆ្ងាយបែបណាក្តី ។ ពិសេសជាងនេះ គឺត្រូវចេះយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ពេលប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីឈានទៅ កាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ ៕