ប្រយ័ត្នសែនតែចិន ខ្មែរយំពេញស្រុក! រឿង ៤ យ៉ាងត្រូវប្រយ័ត្នបំផុត ថ្ងៃចូលឆ្នាំចិន
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានមកដល់ហើយ មិនថាចិននៅខ្មែរ ខ្មែរកាត់ចិន និងខ្មែរសុទ្ធនោះទេ គឺបានជួបជុំគ្នាសែនព្រែនជូនដូនតា ។ បន្ទាប់ពីសែនព្រែនរួចតែងតែដល់វគ្គកូនចៅជួបជុំផឹកស៊ី ជុំគ្រួសារ ។ យ៉ាងណាក៏ដោយសូមកុំប្រហែសរឿងទាំង៤យ៉ាងនេះឱ្យសោះប្រយ័ត្នសប្បាយក្លាយជាទុក្ខ៖
១. សូមប្រយ័ត្នឱ្យមែនទែនភ្លើងធូប ភ្លើងទៀន
ជារៀងរាល់ឆ្នាំតែងតែមានព័ត៌មានផ្សព្វផ្សាយពីករណីអគ្គិភ័យក្នុងថ្ងៃចូលឆ្នាំចិន ដែលបណ្ដាលមកពីការធ្វេសប្រហែស ។ ទោះបីជានៅផ្ទះមិនទៅណាក៏ដោយក៏ត្រូវចាត់សមាជិកគ្រួសារណាម្នាក់ឱ្យមើលខុសត្រូវភ្លើងទៀនធូប ដែលបានអុជនោះ ។ ចំណែកឯភ្លើងចង្ក្រានក៏ដូចគ្នាសូមពន្លត់នៅពេលចម្អិនអាហារួចរាល់ ។ មុនចាកចេញពីផ្ទះត្រូវប្រាកដថាគ្មានបន្សល់ទុកកម្ទេចភ្លើងណាមួយ ។
២. ការផឹកគ្រឿងស្រវឹង
ថ្ងៃជួបជុំដ៏ពិសេសមួយនេះជៀសមិនផុតពីគ្រឿងស្រវឹង ។ សូមកុំពិសារស្រារហូតដល់ថ្នាក់បាត់បង់ស្មារតី កុំចង់ល្បីព្រោះពូកែខាងផឹក កុំជោរតាមការបង្ខំ ព្រោះអ្នកដែលគ្រោះថ្នាក់គឺជាអ្នក ។ បើជ្រុលជាស្រវឹងសូមកុំបើកបរ បើទន់ភ្នែកផ្ទះអ្នកណា មិនថាផ្ទះសាច់ញាតិ មិត្តភក្ដិ សុំគេគេងមួយស្កប់ពេលស្វាងចាំទៅផ្ទះ ។ បើផឹកនៅផ្ទះខ្លួនឯងស្រវឹងហើយហាមទៅផឹកតផ្ទះអ្នកផ្សេងទៀត ។
៣. ការបង្កអំពើហិង្សាលើគ្នា
គ្មានឆ្នាំណាមួយដែលថាមិនមានព័ត៌មានបងប្អូន មិត្តភក្ដិ កាប់ចាក់គ្នាថ្ងៃចូលឆ្នាំចិនទេ ។ ដើម្បីបញ្ចៀសបញ្ហានេះសូមជៀសវាងនៅឱ្យឆ្ងាយពីបុគ្គលណាដែលអ្នកគិតថាមិនសូវត្រូវគ្នា កុំទៅផឹកស៊ីជុំគ្នា ព្រោះអាចកើតមានករណីជម្លោះ ។ ក្នុងគ្រួសារខ្លួនឯងក៏ដោយបើថាមានចិត្តគុំគួនគ្នាសុំលាក់ទុកសិនទៅ កុំបំបាក់មុខម៉ែឪក្នុងថ្ងៃសំខាន់ ។ ត្រូវចេះអត់ឱនអាធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ។
៤. សូមប្រុងប្រយ័ត្នរាល់ដំណើរកម្សាន្តជិតឆ្ងាយ
មិនថាទីជិត ឬទីឆ្ងាយ សូមប្រកាន់ខ្ជាប់ឱ្យបាននូវការគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរក្នុងស្ថានភាពស្រវឹង កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម ។ មុនចេញដំណើរទៅណាមកណាសូមពិនិត្យមើលយានយន្តឱ្យច្បាស់តើមានបញ្ហាត្រង់ណាឬទេ? ពោលសូមបើកបរដោយស្មារតីទទួលខុសត្រូវបំផុត ៕