គូស្នេហ៍ខឹង ឬ អន់ចិត្តនឹងគ្នា បង្ហោះហ្វេសប៊ុកដៀមដាមគ្នា ជាជីវិតគូដ៏ក្មេងខ្ចីមិនគួរប្រញាប់រៀបការ
ពាក្យថាគូស្នេហ៍គឺផ្ដើមពីអ្នកដទៃសុទ្ធសាធ មុនអ្នកទាំងពីរបានជួបគ្នា មានចិត្តលើគ្នា ម្នាក់ៗសុទ្ធតែមិនធ្លាប់ឆ្លងកាត់ជីវិតដែលមនុស្សពីរនាក់មិនធ្លាប់ស្គាល់គ្នាសោះ បែរជាមកប្រើជីវិតមួយរួមរស់រាប់ថ្ងៃ រាប់ខែជាមួយគ្នា ។ តើអ្នកស្គាល់ច្បាស់ឬនៅថាអ្វីដែលហៅថាជីវិតគូ? ហើយអ្នកដឹងទេថាតើគួរធ្វើដូចម្ដេចទើបជីវិតគូអាចដើរដល់ទីបញ្ចប់ជាមួយគ្នាលុះថ្ងៃអវសានបាន?
ពាក្យថាជីវិតគូនេះ មានន័យថាអ្នកបានសម្រេចចិត្តយ៉ាងច្បាស់លាស់ ព្រមទទួលនរណាម្នាក់ចូលមកក្នុងជីវិតអ្នក ឬផ្ញើជីវិតអ្នកចូលទៅក្នុងជីវិតនរណាម្នាក់ ។ ពីជីវិតដែលខ្វល់ខ្វាយអ្វីច្រើន មិនខ្វល់ថាអ្នកទៅណា ធ្វើអ្វី ញ៉ាំអី គឺអ្នកក៏ធ្វើវាទៅតាមទម្លាប់ តាមជីវិតដែលអ្នករស់នៅម្នាក់ឯង ។ ក្រោយអ្នកមាននរណាម្នាក់ចូលមកក្នុងជីវិត ដែលម្នាក់នោះមានឈ្មោះថាជាគូស្នេហ៍ គឺជីវិតដែលអ្នកធ្លាប់រស់នៅកាលពីមុនវាមិនដូចគ្នាទៀតទេ អ្វីៗចាប់ផ្ដើមប្រែប្រួល ទម្លាប់ខ្លះអ្នកក៏ត្រូវផ្លាស់ប្ដូរដើម្បីមនុស្សម្នាក់នោះ ។ ថ្ងៃចាប់ផ្ដើមនៃក្ដីស្នេហ៍អ្វីៗហាក់ស្រស់បំព្រង ផ្ទៃមេឃពណ៌ស៊ីជម្ពូរ តែក្រោយៗមកទៀតភាពផ្អែមល្ហែមក៏នឹងរសាយទៅខ្លះៗ ជម្លោះ ការអន់ចិត្តនឹងគ្នាក៏ចាប់ផ្ដើមកើតឡើងចូលរុកកួនជីវិតគូរបស់អ្នក ។
សួរថាតើជីវិតគូមិនអាចមានការអន់ចិត្ត ខឹងគ្នា ឈ្លោះគ្នា បានដែរឬទេ? ចម្លើយគឺមិនអាចទេ ព្រោះដូចបានលើកឡើងតាំងពីដំបូងថា កាលអ្នកទាំងពីរមិនទាន់បានស្រឡាញ់គ្នា គឺជាអ្នកដទៃនឹងគ្នាសុទ្ធសាធ មនុស្សពីរនាក់ ខួរក្បាលពីរ ជីវិតពីរផ្សេងគ្នា ។ ម្ល៉ោះហើយថ្វីដ្បិតថា អ្នកបានក្លាយជាមនុស្សដែលសំខាន់សម្រាប់គេយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចទៅផ្លាស់ប្ដុរអ្វីៗគ្រប់យ៉ាងដែលជារបស់គេឱ្យមកដូចចិត្តដែលអ្នកចង់បានទាំងស្រុងបាននោះឡើយ ។ អ្នកត្រូវរៀនទទួលស្គាល់ថាពេលខ្លះសូម្បីខ្លួនអ្នកនៅមិនយល់ពីខ្លួនឯង ចុះទម្រាំគេដែលជាអ្នកផ្សេងធ្វើម៉េចអាចផ្គាប់ចិត្តអ្នកត្រូវគ្រប់ចន្លោះនោះ ។
បើអ្នកចង់បានជីវិតគូមួយដែលយូរអង្វែង ស្រឡាញ់គ្នាដោយយល់ពីគ្នា គឺលុះត្រាតែអ្នកជាមនុស្សចាស់ទុំគ្រប់គ្រាន់យល់ច្បាស់ពីជីវិតគូនេះ ។ ខឹងគ្នា អន់ចិត្តនឹងគ្នា គូស្នេហ៍ខ្លះបានរៀបរាប់អត្ថាធិប្បាយលើបណ្ដាញសង្គមឱ្យមនុស្សផងទាំងឡាយបានដឹងរឿងរ៉ាវនៃជីវិតឯកជនរបស់ខ្លួន នោះក៏បណ្ដាលមកពីភាពក្មេងខ្ចី ការគិតនៅរាក់ ការឱ្យតម្លៃលើសេចក្ដីស្នេហាអ្នកនៅមានកម្រិត ។ បើអ្នកជាមនុស្សចាស់ទុំ ច្បាស់លាស់ អ្នកមិនអាចយករឿងដ៏តូចមួយក្នុងជីវិតគូស្នេហ៍ទៅបង្ហាញជាសាធារណៈបានឡើយ ។
ហេតុផលដែលមនុស្សមានគំនិតចាស់ទុំមិនបង្ហាញពីជីវិតគូលើបណ្ដាញសង្គម គឺគេផ្ដល់តម្លៃដល់ស្នេហារបស់គេខ្លាំង ទម្រាំអាចស្រឡាញ់គ្នាបាន តើឆ្លងកាត់អ្វីខ្លះជាមួយគ្នា និងនិយាយអ្វីខ្លះជាមួយគ្នា ? ចុះបើគ្រាន់តែរឿងតិចតួចក៏មិននិយាយគ្នាតទល់នឹងគ្នា បែរជាយកបណ្ដាញសង្គមធំជាងមនុស្សខ្លួនស្រឡាញ់នោះ តើស្នេហាដែលអ្នកបង្កើតឡើងវាមានតម្លៃយ៉ាងដូចម្ដេចទៅ? ស្នេហាបែបចាស់ទុំ មិនថាមានរឿងអ្វីក៏ដោយគឺសំខាន់បំផុតការទុកចិត្តលើគ្នា និយាយជាមួយគ្នា ស្វែងរកដំណោះស្រាយជាមួយគ្នា និងបន្តដំណើរទៅមុខទៀតជាមួយគ្នាដោយរក្សាតម្លៃស្នេហាយ៉ាងពេញលេញ ។
ហែកហួររឿងខ្លួនឯងឱ្យអ្នកដទៃដឹងឮស្មើនឹងមិនឱ្យតម្លៃលើសេចក្ដីស្នេហា ជាស្នេហាបែបផុយស្រួយ បែបក្មេងខ្ចី ហើយមិនយូរនឹងឆាប់នឹងអស់ក្ដីស្រឡាញ់លើគ្នា ព្រោះហេតុផលតែម្យ៉ាងអ្នកមិនបានយកមនុស្សដែលខ្លួនស្រឡាញ់ជាធំនោះទេ បែរជាជឿជាក់លើបណ្ដាញសង្គមទៅវិញ ។ បើអ្នកមិនទាន់ចាស់ទុំលើរឿងមួយនេះផង ចុះទម្រាំបញ្ហាជាច្រើនទៀត ដែលជីវិតគូត្រូវឆ្លងកាត់ តើអ្នកអាចប្រឈមវាបានដោយរបៀបណា?