ក្រសួងវប្បធម៌ និង ក្រសួងអប់រំ ចេញសេចក្តីប្រកាសទប់ស្កាត់សកម្មភាពមិនប្រក្រតី នៅថ្ងៃ ១៤ កុម្ភៈ
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីប្រកាសរៀងៗខ្លួន ដោយដាក់ចេញនូវវិធានការគ្រប់មធ្យោបាយ ដើម្បី រឹតបន្តឹង តាមដាន និង គ្រប់គ្រងនៅថ្ងៃទី ១៤ ខែ កុម្ភៈ នេះ ។
សេចក្តីប្រកាសរបស់ក្រសួវប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើងថា បច្ចុប្បន្ន ថ្ងៃ ១៤ កុម្ភៈ ដែលអ្នកខ្លះហៅថា ទិវា នៃ ក្តីស្រឡាញ់ កំពុងជ្រៀតចូលក្នុងសង្គមខ្មែរ ជាពិសេសយុវជនកំពុងទទួលយកដោយភ័ន្តច្រឡំ នាំឱ្យប៉ះពាល់ដល់ប្រពៃណីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ។ ក្នុងបរិបទនេះ ប្រជាជនខ្មែរ ជាពិសេសយុវជន ត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅនូវប្រពៃណីវប្បធម៌ជាតិ និង សិក្សាឱ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និង ឥទ្ធិពល នៃ វប្បធម៌ទំនៀមទម្លាប់ពីខាងក្រៅដើម្បី ចូលទៅ ក្នុងឥរិយាបថ និង បរិបទ នៃ សង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឱ្យបាននូវអាទិភាពជាប្រជាជាតិថ្លៃថ្នូរមួយ ដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅក្នុងទ្វីបអាស៊ីនេះ ។
តាមរយៈសេចក្តីប្រកាសនេះ ក្រសួងវប្បធម៌ក៏បានសង្កត់ធ្ងន់ថា ការរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ។
ចំណែកក្រសួងអប់រំ យុវជន និង កីឡា វិញ ក៏បានចេញសេចក្តីប្រកាសមួយដែរ ដោយលើកឡើងថា យុវជនមួយចំនួនតូចយល់ច្រឡំ ភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និង ក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និង ប្រពៃណីជាតិរបស់ខ្មែរ ។ ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតី ១៤ កុម្ភៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ក្រសួងអប់រំសូមណែនាំដូចតទៅ ៖
១. ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ ។
២. ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ ។
៣. ត្រូវជំរុញដំណើរការក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្ត ។
៤.ត្រូវទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាលសិស្ស និង សហគមន៍ ដើម្បី ផ្តល់ និង ទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បី សហការទប់ស្កាត់ អប់រំណែនាំកែលម្អសិស្សានុសិស្សឱ្យបានទាន់ពេលវេលា ។
ក្រសួងអប់រំបានធ្វើការអំពាវនាវដល់មន្ទីរអប់រំ យុវជន និង កីឡា គ្រប់រាជធានី ខេត្ត គណៈគ្រប់គ្រងសាលារៀន និង គ្រប់ភាគីពាក់ព័ន្ធ បន្តពង្រឹងប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានបឋមសិក្សា និង បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ៕