កសិករទះដៃសាទរ! អភិបាលស្រុកចេញមុខជួយលក់តែ ២ថ្ងៃ ត្រសក់ផ្អែមមួយស្រុកបន្ទាយស្រីអស់រលីងពីចម្ការ
ពិតជារឿងដ៏គួរឱ្យរំភើបរីករាយជាពន់ពេក ពេលនេះត្រសក់ផ្អែមរបស់សហគមន៍កសិករស្រុកបន្ទាយស្រីបានលក់អស់ពីចម្ការហើយ ព្រោះមានបងប្អូនប្រជាពលរដ្ឋបញ្ជាទិញភ្លូកទឹកភ្លូកដី ក្រោយពីអភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានចេញមុខជួយលក់ដោយផ្ទាល់ក្នុង ១គីឡូ ៤ពាន់រៀល ។
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកអភិបាលស្រុកវ័យក្មេងបានប្រកាសលក់ត្រសក់ផ្អែមធម្មជាតិ របស់អ្នកស្រុកបន្ទាយស្រីនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហើយមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ នេះលោកបានប្រកាសថា ត្រសក់ផ្អែមទាំងនោះត្រូវបានលក់អស់ហើយ ។ នេះជាការលក់ដាច់ខ្លាំងបំផុតលើសពីការរំពឹងទុករបស់លោកអភិបាលស្រុកដែលគិតថានឹងលក់អស់ត្រឹមថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
ក្នុងនោះដែរលោកអភិបាលស្រុកដ៏វៀងវៃ បានថ្លែងការដឹងគុណដ៏ស្មោះអស់ពីចិត្ត ចំពោះសាធារណៈជនទាំងអស់ដែលបានចូលរួមជួយទិញត្រសក់ផ្អែមក្នុងពេលលំបាកមួយនេះ។ ដោយសារតែមានការខ្នះខ្នែងចូលរួមជួយពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងផុសផុលបែបនេះហើយ ទើបបញ្ហាទាំងមូលអាចដោះស្រាយបានត្រឹមតែក្នុងរយៈពេលមិនដល់២ថ្ងៃស្រួលបួលផង ។
ទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃវប្បធម៌ចេះជួយគ្នានៅក្នុងស្រុកបន្ទាយស្រីត្រូវបានបង្កើតឡើងត្រឹមតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ បើទោះជាវាគ្រាន់តែជាបញ្ហាមួយតូចតាចក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏ធំទូលាយ ដែលប្រជាកសិករស្រុកបន្ទាយស្រីនឹងចងចាំការចូលរួមជួយស្រោចស្រង់ក្នុងគ្រាអាសន្នមួយនេះ ហើយសង្ឃឹមថាស្មារតីរួមសាមគ្គីគ្នានឹងបន្តមាននៅក្នុងបេះដូងខ្មែរគ្រប់ៗរូប ៕