មកដឹងវិធី ៥ យ៉ាងកាត់បន្ថយកុំឱ្យនឹក Crush កំឡុងពេលរីករាលដាលកូវីដ ១៩
ជាការពិតណាស់ កំលុងពេលដែលកូវីដ ១៩ កំពុងតែរីករាលដាល ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងតាមរយៈការអំពាវនាវឱ្យប្រជាជននៅផ្ទះឱ្យបានច្រើន ហើយជៀសវាងការជួបជុំ ។ ក្នុងនោះសកម្មភាពជួបជុំគ្នារបស់យុវវ័យមួយចំនួនធំក៏ត្រូវបានកាត់បន្ថយផងដែរ ខណៈពួកគេត្រូវនៅក្នុងផ្ទះរៀងៗខ្លួន ។
ស្ថិតក្នុងកំឡុងពេលនេះ សម្រាប់អ្នកមានស្នេហា ហើយកំពុងតែលួចស្រឡាញ់គេផង សុខៗក៏មិនបានជួបគ្នារយៈពេលយូរ មិនដឹងថ្ងៃណាបានជួបគ្នាវិញ នៅមិនសុខ បក់មិនល្ហើយ ចេះតែនឹកឃើញគេ គួរធ្វើយ៉ាងម៉េចទៅ ?
ខាងក្រោមនេះជាវិធីទាំង ៥ ដែលអាចជួយអ្នកកាត់បន្ថយកុំឱ្យនឹក Crush កំឡុងពេលនៅក្នុងផ្ទះដើម្បីសុវត្ថិភាពនេះ៖
១. ទាក់ទងគ្នាតាមអ៊ីនធឺណែត៖ សម័យអ៊ីនធឺណែតទៅហើយ បើមិនបានជួបមុខគ្នាផ្ទាល់ ត្រឹមឃើញមុខ Crush តាមហ្វេសប៊ុកក៏អស់ចិត្តដែរ មែនអត់? ប៉ុន្តែសម្រាប់អ្នកដែលមិនសូវស្និតស្នាល ហើយត្រឹម Crush គេតែម្នាក់ឯង ប្រាកដណាស់គ្មានអ្នកណាមកឱ្យយើងមើលមុខតាមវីដេអូខលទេ អ៊ីចឹងអាចចាប់ផ្តើមរក្សាទំនាក់ទំនង ឈែតលេង សួរសុខទុក្ខគេក៏បាន ។ ស្ថិតក្នុងស្ថានភាពបែបនេះមានរឿងច្រើនដែរទេតើ ដែលយើងអាចឈែតទៅសួរគេបាន ។ ដល់តែនិយាយលេងយូរៗ ទៅមាននឹកអីទៀត!
២. ជួយធ្វើការងារផ្ទះ៖ ត្រូវដឹងថា ក្រៅពីរៀនគឺខ្លួនក៏មានតួនាទីជាកូនល្អ បងឬប្អូនល្អដែរ ដូច្នេះគួរចំណាយពេល ធ្វើការងារផ្ទះខ្លះៗ ដើម្បីកុំឱ្យពេល ២៤ម៉ោង ពីមួយថ្ងៃ ទៅមួយថ្ងៃវាដើរទៅដោយសកម្មភាពដដែលៗពេក ។ អ្នកអាចជួយសម្រាលការងារខ្លះរបស់ម្តាយ ដូចជារៀបចំផ្ទះ មើលប្អូន បង្រៀនប្អូន ជាដើម ឬបើអ្នកមានចំណេះដឹងខ្លះទាក់ទង នឹងការងាររបស់ម៉ាក់ប៉ា គួរតែរៀនធ្វើជាមួយគាត់ឱ្យហើយក៏បាន ។
៣. ធ្វើសកម្មភាពតាមចំណូលចិត្ត៖ ក្រៅពីជួយការងារផ្ទះខ្លះហើយ អាចយកពេលទំនេរដែលនៅសល់មកធ្វើសកម្មភាពដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនឯង ហើយគិតថាធ្វើវាហើយធ្វើឱ្យមានអារម្មណ៍ល្អដូចជា អានសៀវភៅ គូររូប ច្រៀងចម្រៀង ឬ ធ្វើអ្វីៗផ្សេងទៀតជាច្រើនដែលអាចធ្វើនៅក្នុងផ្ទះបាន ។ មួយវិញទៀត យើងអាចឆ្លាស់គ្នាមួយថ្ងៃធ្វើនេះ មួយថ្ងៃធ្វើនោះ នោះនឹងមិនមានអារម្មណ៍ឆាប់ធុញទ្រាន់ ។
៤. ធ្វើកិច្ចការសាលា៖ កុំភ្លេចថា ក្នុងពេលនេះសាលាបិទពិតមែន ប៉ុន្តែមិនមែនបិទរហូតឯណា គឺគ្រាន់តែបិទបណ្តោះអាសន្នប៉ុណ្ណោះ ដូច្នេះគឺមិនត្រូវភ្លេចខ្លួនក្នុងការរៀនសូត្រជាដាច់ខាត ថាមិនត្រូវចូលរៀនវិញត្រូវប្រឡងទៀត ។ មើលៗ កិច្ចការសាលាណាដែលត្រូវធ្វើ ទាន់ទំនេរ គួរចំណាយពេលធ្វើវាឱ្យហើយ ជៀសវាងប្រញាប់ប្រញាល់ហើយធ្វើមិនបានល្អ ។ សូមចាំថា បើធ្វើឱ្យខ្លួនឯងរវល់កាន់តែច្រើន នោះនឹងគ្មានពេលគិតដល់នឹក Crush ហើយមិនបានជួបនាំឱ្យស្មុគស្មាញអីទេ ។
៥. និយាយលេងជាមួយគ្រួសារ៖ អ្នកខ្លះចំណាយពេលច្រើនជាមួយមនុស្សនៅខាងក្រៅដូចជាមិត្តភក្តិនៅសាលា មិត្តរួមការងារជាដើម ដោយគិតថាដើម្បីឱ្យខ្លួនទទួលបានភាពសប្បាយរីករាយ ប៉ុន្តែបែរជាមើលរំលងគ្រួសារដែលនៅជាមួយគ្នារាល់ថ្ងៃ ។ ដូច្នេះក្នុងកំឡុងពេលនេះ គួរតែចំណាយពេលខ្លះ និយាយលេង ឬ សួរនាំគ្រួសារ ពីរឿងនេះ រឿងនោះ ដើម្បីបង្កើតភាពស្និតស្នាល ក៏ជារឿងល្អដែរ ។ ពីមុនអាចយកលេសថា ជាប់រៀន ជាប់ធ្វើការបាត់ៗពីផ្ទះមិនសូវបាននិយាយាជាមួយអ្នកផ្ទះ ចុះពេលនេះ គួរចាប់ផ្តើមបានឬទេ?