កូនប្រុសតិរច្ឆានអារ-ក ឪពុកខ្លួនឯងពេលកំពុងដេក សង្ស័យបែកថ្នាំញៀន
បុរសចំណាស់ម្នាក់ដែលកំពុងដេកសុខៗ ក៏ត្រូវបានកូនប្រុសបង្កើតយកកាំបិតប៉័ងតោពីក្នុងផ្ទះបាយមកអារ-ក បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ គេសង្ស័យថា កូនប្រុសរូបនោះបែកថ្នាំញៀន ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ១៥ នាទីព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ សមត្ថកិច្ចស្រុកមុខកំពូលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ីម យ៉ានី ភេទប្រុសអាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ សុះ ហ៊ីម ភេទប្រុស អាយុ ៧០ ឆ្នាំ រីឯវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោចំនួន ១ ។
ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានបងប្អូនក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែគ្រឿងញៀនម្ដុំផ្សារដីហុយ រាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២០ ទើបក្រុមគ្រួសារទៅយកជនសង្ស័យត្រឡប់មកផ្ទះវិញ ដោយជនសង្ស័យមានសភាពធម្មតា ។ មកដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ជនសង្ស័យមានអាការប្រែប្រួលរវើរវាយ ហើយបានមកដាស់ឪពុក ដែលកំពុងដេក ដោយនិយាយថា (ប៉ាឯងឱ្យខ្ញុំមកដាស់ទេ) រួចក៏ទៅកន្លែងខ្លួនដេកវិញ ។
លុះមកដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ វេលាម៉ោង ២០ ជនសង្ស័យបានចូលដេកក្នុងផ្ទះជាមួយឪពុកម្ដាយដូចសព្វដង រហូតដល់រវេលាម៉ោង ៤ និង ១៥ នាទីទាបភ្លឺ ចូលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ជនរងគ្រោះកំពុងដេកក្នុងផ្ទះ ពេលនោះជនសង្ស័យបានយកកាំបិតប៉័ងតោនៅផ្ទះបាយមកអារ-ក ជនរងគ្រោះផ្នែកខាងឆ្វេង បណ្ដាលឱ្យមានរបួសហូរឈាមជាច្រើន ហើយជនរងគ្រោះ ក៏បានស្រែកហៅឱ្យកូនជួយ និង បាននាំយកទៅគ្លីនិកឯកជន ២៤ម៉ោង មុខផ្សារព្រែកអញ្ចាញ ហើយកូនជនរងគ្រោះឈ្មោះ ហ៊ីម រ៉ហ៊ីម៉ាស់ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលព្រែកអញ្ចាញ ដើម្បចាត់ការតាមច្បាប់ ។
ក្រោយពីទទួលបានបណ្ដឹងខាងលើ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក និង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ បានចុះទៅកន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើបែបនេះពិតមែន ៕