សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាឱ្យផ្អាកនាំចេញត្រីទៅក្រៅប្រទេស
ក្រៅពីផ្អាកមិនឱ្យនាំចេញអង្ករ និង ស្រូវទៅក្រៅប្រទេសនោះ ឥឡូវនេះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាថ្មីមួយទៀត ឱ្យផ្អាកការនាំចេញត្រីទៅកាន់ទីផ្សារបរទេសថែមទៀត គឺក្នុងគោលបំណងដើម្បីស្តុកទុកជាស្បៀង សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ។
នៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរថា កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនឱ្យនាំអង្ករ និង ស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តឱ្យនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩។ ប៉ុន្តែកាលពីថ្ងៃទី ៤ ខែមេសា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាឱ្យផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត ។ ទន្ទឹមនឹងនេះ គឺសម្តេចប្រមុខដឹកនាំបានបញ្ជាឱ្យអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនឱ្យមានការដំឡើងថ្លៃត្រី និង ហាមឃាត់មិនឱ្យនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយ នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងឱ្យរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។ ហើយសម្តេចតេជោ ក៏បានត្រៀមរៀបចំឱ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនឱ្យធ្លាក់ទៅក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ ៕