ពលរដ្ឋ ១២ នាក់ស្និតនឹងអ្នកផ្ទុកវីរុសកូវីដ ១៩ ដាក់ដាច់ ១៤ ថ្ងៃនៅក្រុងតាខ្មៅនោះ ត្រូវអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះនារសៀលនេះ
ប្រជាពលរដ្ឋ ១២ នាក់ ដែលធ្លាប់ប្រាស្រ័យទាក់ទង និង មានការសង្ស័យថា ឆ្លងមេរោគកូវីដ ១៩ ហើយដាក់ឱ្យនៅដាច់ដោយឡែក នៅក្នុងវិទ្យាល័យហ៊ុន សែនតាខ្មៅ រយៈពេល ១៤ ថ្ងៃនោះ ឥឡូវនេះត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញហើយ នារសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២០នេះ បន្ទាប់ពីធ្វើតេស្តិ៍អវិជ្ជមានវីរុសកូវីដ ១៩ នេះ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានរៀបចំពិធីជូនដំណើរ និង បានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង១២នាក់នោះ ។ នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងនោះស្នាក់នៅដាច់ដោយឡែក កុំនៅជិតគេជិតឯងរយៈពេល១៤ថ្ងៃទៀត ដើម្បីបង្រ្គប់កិច្ច ឱ្យអស់ចិត្តដ្បិតលោកបានជាសះស្បើយហើយក្ដី ប៉ុន្តែត្រូវតែការពារខ្លួន និង គ្រួសារមួយតង់ទៀត ធ្វើយ៉ាងណាការពារកុំឱ្យមានបញ្ហាផ្សេងៗទៀត ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង១២នាក់នោះ ជាមនុស្សដែលនៅស្និតស្នាល ជាមួយលោក ទូ ទ្រេះ ដែលមានផ្ទុកកូវីត១៩ ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ១០០% និងអនុញ្ញាតឱ្យទៅផ្ទះវិញ កាលពីម្សិលម៉ិញនេះ៕