បើកយុទ្ធនាការរៃអង្គាសថវិកាមួយប្រាវ សម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទទួលបានថវិកាជាង ១០លានដុល្លារ
នៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានធ្វើការអំពានាវ និង រ៉ៃអង្គាសថវិកា សម្រាប់ប្រយុទ្ធ ប្រឆាំងជំងឺឆ្លងកូវីឌ-១៩ នោះ រហូតមកដល់ពេលនេះ សប្បុរសជន និង មន្ត្រីរាជការបានចូលរួមបរិច្ចាគថវិកា និង ប្រាក់បៀរវត្សប្រចាំខែរបស់ខ្លួន មានចំនួនរហូតដល់ទៅជាង ១០លានដុល្លារហើយ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ យើងត្រៀមថវិកានេះ សម្រាប់យកទៅជួយប្រជាពលរដ្ឋក្នុងស្ថានការណ៍ ដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ ដូចជាទិញម៉ាស និងសម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និង ត្រៀមបម្រុងសម្រាប់ជួយប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និង ចាំបាច់បន្ទាន់ ។ កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។ កុំទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ ។ មិនមែនគ្រាន់តែបញ្ហាកូវីឌ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើង ដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារឱ្យពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ កុំឱ្យពួកគាត់ខ្វះស្បៀងអាហារឱ្យសោះ ក្នុងពេលដែលសភាពការណ៍មានការប្រែប្រួលពីក្រៅប្រទេស និង ពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ ដែលមានក្នុងប្រទេសរបស់យើង សម្រាប់ជួយ និងបម្រើប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេល ”។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់សប្បុរជនទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ សូមជូនពរបងប្អូនទាំងអស់ជួបតែសំណាងល្អគ្រប់ៗគ្នា ។ នេះបើយោងតាមទំព័រហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្ត្រី ៕