ក្រុមហ៊ុនថ្មីមួយ បោះទុនជាង ១៦០លានដុល្លារ បង្កើតរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈនៅស្រុកអង្គស្នួល
បើទោះបីជាជំងឺកូវីដ-១៩បានរាតត្បាត នៅពាសពេញពិភពលោក ហើយនៅក្នុងប្រទេសកម្ពុជាមានអ្នកឆ្លង និង មានអ្នកកើតជំងឺនេះជាង ១០០ករណី ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការព្រួយបារម្ភយ៉ាងណាក្តី ក៏គេនៅតែសង្កេតឃើញមានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យស្នើសុំចុះបញ្ជីដើម្បីទទួលបានសិទ្ធិក្នុងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។
ឥឡូវនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន HANUMAN BEVERAGES CO., LTD ដែលក្រុមហ៊ុននេះ មានគម្រោងបោះទុនវិនិយោគចំនួន ១៦០,៦លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតស្រាបៀរ និង ភេសជ្ជៈ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
គម្រោងបង្កើតរោងចក្រផលិតស្រាបៀរថ្មីនេះ ក៏អាចបង្កើតការងារជូនពលរដ្ឋធ្វើរហូតដល់ទៅ ១ ៥៤៥ កន្លែង ដូច្នេះ នៅពេលដែលរោងចក្រផលិតស្រាបៀរ និង ភេសជ្ជៈថ្មីនេះ ចេញជារូបរាងនោះ អ្នកស្រុកអង្គស្នួល ខេត្តកណ្តាលមិនខ្វះការងារធ្វើឡើយ ៕