ប្រជាជនចិន នាំគ្នាសម្រុកទៅតំបន់ទេសចរណ៍នានា ក្រោយស្ថានភាពកូវីដ១៩ បានធូរស្រាល (វីដេអូ)
មនុស្សម្នាជាច្រើនបានបង្ហាញខ្លួននៅក្នុងតំបន់ទេសចរណ៍ល្បីៗ ក៏ដូចជាទីក្រុងធំៗរបស់ប្រទេសចិនជាថ្មី នៅចុងសប្តាហ៍ដើមខែមេសានេះ បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឱ្យចេញក្រៅអាចដើរហើរបានដូចពីមុន ។
ជាមួយគ្នានោះដែរ រូបភាពពីឧទ្យាន Huangshan នៅក្នុងខេត្ត Anhui កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានចែកចាយ នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយចំនួនមនុស្សដ៏ច្រើនរាប់ពាន់នាក់បានទៅលេង ។
នៅក្នុងរូបភាពនោះផងដែរ មនុស្សជាច្រើនបានតម្រង់ជួរគ្នាចុះ ឡើង លើភ្នំជាមួយម៉ាស់ដែលពាក់ការពារនៅឡើយ ដែលហាក់បីដូចជាពួកគេពិតជាចង់ទទួលបានបទពិសោធន៍ពីធម្មជាតិដ៏ស្រស់បំព្រងនៅជុំវិញខ្លួនជាទីបំផុត ក្រោយពេលនៅក្នុងផ្ទះជាច្រើនសប្តាហ៍ ។
យោងទៅតាម state media Global Times បានឱ្យដឹងថាភ្ញៀវទេសចរទាំងនោះបានទៅដល់តំបន់កម្សាន្តនោះតាំងពីព្រលឹម ហើយនៅត្រឹមម៉ោង ៧ និង ៤៨ នាទីប៉ុណ្ណោះ អ្នកគ្រប់គ្រងបានឱ្យដឹងថាមានអ្នកចូលទស្សនារហូតដល់២ម៉ឺននាក់ ដែលពួកគេមិនអាចបន្តទទួលភ្ញៀវទេសចរបានទៀតនោះឡើយ ។ ដូចគ្នានេះដែរ នៅតាមទីក្រុង និង តំបន់ទេសចរណ៍ ក៏ដូចជាសួនច្បារនានា ពោពេញដោយមនុស្សដូចជានៅក្នុងទីក្រុងប៉េកាំង សៀងហៃ ជាដើម ៕
ប្រភព៖ CNN