អាល់កុល និង ជែលលាងដៃក្លែងក្លាយជាង ៣ តោនត្រូវបានបង្ក្រាប
អាល់កុលក្លែងក្លាយ និង ជែលលាងដៃ រួមទាំងសម្ភារផ្សេងៗទៀត ដែលមិនមានលិខិតអនុញ្ញាតសរុបទម្ងន់ ៣ តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ រកឃើញព្រមទាំងដកហូតមករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត ។
ដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ មានម្ចាស់ឱសថស្ថាន ឬ អាជីវករមួយចំនួន ឆ្លៀតឱកាសដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និង លក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេល ដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះនៃការរីករាលដាល នៃវីរុស COVID-19 ។ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២០ នេះ មន្រ្តីជំនាញ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុល និង អង្កេតតម្លៃលក់ម៉ាស់ និង ស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ នៅតាមបណ្តាឱសថស្ថានមួយចំនួន ស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាលទ្ធផលបានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) និង ជែលលាងដៃ រួមទាំងសម្ភារផ្សេងទៀត ដែលមិនមានលិខិតអនុញ្ញាតទម្ងន់សរុបចំនួន ៣ តោន និង បានធ្វើកំណត់ហេតុ ដកហូតអាកុលក្លែងក្លាយទាំងនោះ មករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត ។
មន្រ្តីជំនាញបានសំណូមពរ ដល់អាជីវករ មិនត្រូវឆ្លៀតឱកាសលក់ផលិតផលម៉ាស់ និង អាល់កុលសម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំទិញផលិតផលអាល់កុលណា ដែលគ្មានស្លាកសញ្ញា និង ប្រភពច្បាស់លាស់ ៕