បន្ទាន់! ប្រមុខរដ្ឋាភិបាល សម្រេចផ្អាកប្រារព្ធពិធីចូលឆ្នាំខ្មែរហើយ ស្ថាប័នរដ្ឋ និងឯកជនធ្វើការធម្មតា
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាព្រឹក ៧ មេសា ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជុំវិញការសម្រេចផ្អាកប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២០ នេះ ។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកសំណើរមកកាន់សម្ដេចនូវជម្រើស ២ ដោយនៅក្នុងនោះជម្រើសទី ១ នៅប្រារព្ធពិធីចូលឆ្នាំខ្មែរ ប៉ុន្តែមានការរឹតបន្តឹងនូវវិធានការនានា ពីកម្លាំងមានសមត្ថកិច្ច និងជម្រើសទី២ ផ្អាកការប្រារព្ធពិធីចូលឆ្នាំខ្មែរ និងតម្រូវឱ្យស្ថាប័ន្ធរដ្ឋ និងឯកជនធ្វើការជាធម្មតា ។
ដំបូងឡើយសម្ដេច បានជ្រើសរើសយកជម្រើសប្រារព្ធពិធីចូលឆ្នាំខ្មែរដដែលប៉ុន្តែមានវិធានការរឹតបន្តឹង ប៉ុន្តែពេលននេះសម្រេចធ្វើការផ្អាកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងឆ្នាំនេះ តែម្ដង។ ក្នុងនោះតម្រូវឱ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការធម្មតា ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃវិញ ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកប្រារព្ធពិធីចូលឆ្នាំខ្មែរ គឺដើម្បីទប់ស្កាត់នូវការរីករាលដាល នៃវីរុសកូវីដ ១៩ ក្នុងអំឡុងពេលពិធីចូលឆ្នាំថ្មីនេះ ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាជន កាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត ដែលជាមធ្យោបាយសំខាន់មួយ អាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។ សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «បើទុកបណ្តោយឲ្យនៅដើរលេង សភាពការណ៍នេះ ក្រោយចូលឆ្នាំខ្មែររួច អាចមានហានិភ័យខ្ពស់បំផុត» ។
សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងបន្តថា កន្លែងធ្វើការងារ នៅតាមស្ថាប័ន រោងចក្រ ក្រុមហ៊ុន គឺជាកន្លែងដែលមានសុវត្ថិភាពបំផុត ។ ដូច្នេះគ្រប់ស្ថាប័នរដ្ឋនិងគ្រប់ស្ថាប័នឯកជន ត្រូវធ្វើការធម្មតា ពោលគឺមិនអនុញ្ញាតឲ្យសម្រាកក្នុងអំឡុងចូលឆ្នាំនេះឡើយ ៕