សម្តេច ហ៊ុន សែន អំពាវនាវកសិករផលិតអំបិលទុក ជំរុញការដាំដុះ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក
ព្រឹកថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព ។
ក្នុងចំណោមចំណុចជាច្រើនដែលសម្តេចបានលើកឡើងក្នុងសន្និសីទកាសែតនោះ មានចំណុចមួយដែលសម្តេច ហ៊ុន សែន បានអំពាវនាវឱ្យកសិករបន្តផលិតអំបិលទុកក្នុងស្តុក យ៉ាងហោចណាស់ ៦ ម៉ឺនតោនក្នុងប្រទេស ។ ជាមួយគ្នានោះទៀត សម្តេចក៏បានជំរុញឱ្យកសិករដាំដុះបន្លែបង្ការ និង ធ្វើកសិកម្មផ្សេងបន្ថែមឱ្យបានច្រើន ដើម្បីជំនួសការនាំចូលនូវផលិផលទាំងនោះមកកាន់កម្ពុជា ។
អ្វីដែលសំខាន់ដើម្បីទប់ទល់នឹងស្ថានការណ៍កូវីដ ១៩ នេះទៀត សម្តេចបានបញ្ជាមិនឱ្យមានការនាំចេញនូវផលិតផលក្នុងស្រុកមួយចំនួន ដូចជា ត្រី សាច់ បន្លែបង្ការ ប្រហុក ផ្អក ស្រូវ អង្ករ និង ផលិតផលម្ហូបអាហារផ្សេងទៀត ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ ៕