គ្រូថែទាំក្មេងម្នាក់ វាយធ្វើបាបក្មេងខ្លាំងៗ តែបែរជាប្រាប់ថា ព្រោះតែស្ត្រេសរឿងកូវីដ១៩
យោងតាមសារព័ត៌មាន Dispatch របស់កូរ៉េខាងត្បូង បានចេញផ្សាយថា មានករណីមួយបានកើតឡើង ក្នុងការប្រើអំពើហិង្សាទៅលើកុមារអាយុ ៣ឆ្នាំ ពីសំណាក់គ្រូមើលថែរបស់គេ ក៏ព្រោះតែបញ្ហាកូវីដ១៩ ។
ម្តាយរបស់កុមាររងគ្រោះ អ្នកស្រី A បានឲ្យដឹងថា កូនប្រុសរបស់នាង ដែលត្រូវបានផ្ញើរឲ្យមើលថែក្នុងមជ្ឈមណ្ឌលថែទាំ នៅឯ Paju ត្រូវបានគ្រូវាយដំ ក៏ព្រោះតែមិនព្រមចូលគេង ដោយនិយាយថា “កូនរបស់ខ្ញុំ ត្រូវបាននាយកមជ្ឈមណ្ឌលនេះ វាយដំក៏ព្រោះតែគេមិនព្រមចូលគេង។ ហើយខ្ញុំបានផ្ញើរឲ្យគេមើលថែ នៅទីនោះរយៈពេល ១៦ថ្ងៃមកហើយ។ ដូច្នេះអ្នកណាដឹងថានាង បានធ្វើអ្វីខ្លះ?” ។
អ្នកស្រីបានបន្ថែមទៀតថា មជ្ឈមណ្ឌលមើលថែទាំកុមារខាងលើនេះ បានប្រាប់អ្នកស្រីថា កូនប្រុសរបស់នាងរងរបួសក៏ព្រោះតែធ្លាក់ពីលើកៅអី ប៉ុន្តែនៅពេលដែលអ្នកស្រី បាននាំកូនទៅមន្ទីរពេទ្យ គ្រូពេទ្យបានណែនាំអ្នកស្រី ឲ្យឆែកកាមេរ៉ាសុវត្ថិភាពនៅក្នុងថ្នាក់មើល ។
ក្រោយពីអ្នកស្រី បានឆែកកាមេរ៉ាសុវត្ថិភាពហើយ ទើបបានឃើញថា គ្រូមជ្ឈមណ្ឌលនោះ បានវាយដំកូនរបស់អ្នកស្រី ជាច្រើនដង “នាយកមជ្ឈមណ្ឌលនោះ បានយកទូរស័ព្ទដៃវាយកូនរបស់ខ្ញុំ ៥ដង ទៅ៦ដង ក៏ព្រោះតែគេមិនព្រមចូលគេង។ ក្រោយមកដោយសារ កូនរបស់ខ្ញុំភ័យខ្លាច ទើបនាងឳបក្មេងបន្តិច ក៏ដើរចេញទៅបាត់”។
ប៉ុន្តែការវាយដំនោះ នៅតែមិនទាន់បញ្ឈប់ទេ នៅពេលដែល នាងលួងលោមក្មេងហើយ នាងក៏បានត្រឡប់មកវិញ ហើយវាយក្មេងទៀត។ ហើយយោងតាមខ្សែវីដេអូ កុមារបានដេកលក់ទាំងស្រុង ខណៈដែលគ្រូនោះ យកថ្នាំមកលាបរបួសឲ្យកុមារ ។
ក្រោយពីប៉ូលិស បានទៅដល់កើតហេតុ នឹងសួរនាំជនបង្កររូបនោះ បានឆ្លើយថា មកពីការធុញទ្រាន់នឹងជម្ងឺ កូវីដ ១៩ ពេក ដែលធ្វើឲ្យនាងកាន់តែហត់នឿយ នឹងការមើលថែទាំកុមារ ទើបនាងធ្វើបែបនេះ ។ តែយ៉ាងណាក៏ដោយ ចំពោះហេតុការណ៍ដែលបានកើតឡើងនេះ ក៏មិនត្រូវបានអនុគ្រោះនោះដែរ ។ ម្តាយរបស់កុមាររងគ្រោះនោះ យល់ថាការពិន័យជាសាច់ប្រាក់ ពិតជាតិចតួចពេកហើយ។ នៅពេលនេះ អ្នកស្រី A និងអាណាព្យាបាលជាង ៤៩ ០០០ នាក់ទៀត បានចុះហត្ថលេខា ដើម្បីឱ្យមានញត្តិក្នុងការទាមទារឱ្យកាត់ទោសស្ដ្រីដែលបង្ករហិង្សានោះ ខ្លាំងជាងមុន ៕