ដោយសារតែមានតម្រូវការបន្ទាន់នៃកម្មវិធី ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាលក្ខណៈ Video Conferencing ក្នុងអំឡុងពេលនៃការរីករាលដាល មេរោគ កូវីដ-១៩ ក៏បានធ្វើឱ្យ Zoom ក្លាយជាកម្មវិធីមួយដែលទទួលការពេញនិយម ពីមនុស្សរាប់លាននាក់ក្នុងពេលតែ ២ ឬ ៣ សប្ដាហ៍ចុងក្រោយនេះ បើទោះបីជាកម្មវិធីនេះបានបង្កើតឡើងមកជាង ៩ ឆ្នាំមកហើយក៏ដោយ ។
ជាពិសេស សម្រាប់សិស្សនិស្សិត បុគ្គលិកការងារ នៅតាមសាលា និង ក្រុមហ៊ុននានា ដែលកំពុងតែមានភាពលំបាកក្នុងការសិក្សា និង ធ្វើការនៅនឹងកន្លែង ទើបពួកគេជ្រើសរើសកម្មវិធីនេះសម្រាប់ប្រើប្រាស់ទំនាក់ទំនងគ្នាដោយផ្ទាល់ ជាបណ្តោះអាសន្ន ។
យ៉ាងណាមិញ ជនអនាមិកអាចលួចយក លេខសម្ងាត់ វីនដូ (Windows Password) បាន ដោយសារតែមានចំណុចខ្សោយនៅក្នុង កម្មវិធី Zoom ។ ទោះបី Zoom គឺជាកម្មវិធីមួយដែលមានប្រជាប្រិយភាពសម្រាប់ Online Video Meeting ក៏ដោយ តែវាមិនមែនជាជម្រើសដ៏ល្អបំផុត សម្រាប់ផ្នែកឯកជនភាព (Privacy) និង សន្តិសុខ (Security) នៅឡើយទេ ដូចជាកម្មវិធីនេះពុំមាន end-to-end encrypted ដូចកម្មវិធីគេផ្សេងៗទៀតដែលអាចធ្វើឱ្យក្រុមហ៊ុនថតចម្លងវីដេអូរបស់លោកអ្នកបាន ប៉ុន្តែកំហុសដ៏ធំមួយទៀតនោះគឺ ជនអនាមិកអាចលួចយក លេខសម្ងាត់ វីនដូ តាមរយៈភាពចន្លោះប្រហោងក្នុងកម្មវិធីនេះ ។ ភាពចន្លោះប្រហោងនេះដោយសារតែ Zoom ដំណើរការនៅលើប្រព័ន្ធដំណើការ Windows ដែលប្រើមុខងារ Remote UNC paths ហើយបំប្លែងនូវ URLs ទៅជា Hyperlinks សម្រាប់អ្នកទទួលនៅក្នុងសារ ជាលក្ខណៈផ្ទាល់ខ្លួន ឬជាក្នុងក្រុម ។
ក្រុមអ្នកស្រាវជ្រាវបានផ្ដល់ព័ត៌មាននេះទៅក្រុមហ៊ុន Zoom ហើយ ប៉ុន្តែក្រុមហ៊ុនពុំទាន់បានធ្វើកំណែទម្រង់លើកម្មវិធីនេះទេ ដូច្នេះពួកគេក៏សំណូមពរឱ្យអ្នកប្រើប្រាស់ គួរប្រើកម្មវិធី Zoom តាមរយៈ Web Browser ជាជាងកម្មវីធីផ្ទាល់របស់ Zoom សម្រាប់វីនដូ ឬក៏ប្រើកម្មវិធីផ្សេងទៀតក៏បាន។ កាលពីសប្ដាហ៍មុនក្រុមហ៊ុន Zoom ទើបតែធ្វើបច្ចុប្បន្នភាពកម្មវិធីជាមួយប្រព័ន្ធ iOS ក្រោយពីត្រូវបានគេរកឃើញថាក្រុមហ៊ុនបានផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុន Facebook ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា