លោកជំទាវ ឱ វណ្ណឌីន ដាស់តឿនថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផុយស្រួយណាស់ សូមពលរដ្ឋកុំចល័តទីតាំង
ថ្លែងនៅក្នុងបទសម្ភាសមួយជាមួយ BTV Cambodia លោកជំទាវ ឱ វណ្ណឌីន បានទទូចសូមឱ្យប្រជាពលរដ្ឋរក្សាខ្លួននៅទីតាំងណាទីតាំងនោះ កុំចល័ត កុំធ្វើដំណើរក្នុងអំឡុងពេលនេះ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផុយស្រួយណាស់ ដែលមានន័យថាងាយប្រឈមនឹងការរីករាលដាលក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នវិធានការរបស់ថ្នាក់ដឹកនាំ និងការដែលអនុវត្តផ្ទាល់របស់មន្ត្រី ចាប់ផ្ដើមឃើញនូវប្រសិទ្ធភាព នៃវិធានការជាបណ្ដើរៗ ប៉ុន្តែមិនមានន័យបានលុបបំបាត់វីរុសកូវីដ ១៩ នោះទេ ។ មានន័យថាវីរុសកូវីដ ១៩ កំពុងនៅចរាចរណ៍នៅឡើយទេ ។
លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា៖ «តែអ្វីដែលសំខាន់បើបុគ្គលគ្រប់រូបអនុវត្តឱ្យបាននូវវិធានការការពារខ្លួន ហើយជាពិសេសនៅក្នុងដំណាក់កាលនេះ ដែលខ្ញុំ ខ្លួនខ្ញុំផ្ទាល់ជាអ្នកបច្ចេកទេសដែរនោះ ខ្ញុំគិតថាយើងស្ថិតនៅក្នុងដំណាក់កាលផុយស្រួយណាស់» ។
ដំណាក់កាលផុយស្រួយនេះ លោកជំទាវបញ្ជាក់ថា មានន័យថា បច្ចុប្បន្ននៅមានការរកឃើញការចម្លងវីរុសវីរុសកូវីដ ១៩ នៅក្នុងការនាំចូលពីខាងក្រៅ ហើយអ្នកខាងក្រៅបានចម្លងចូលមកផ្ទៃក្នុងមួយចំនួនតូចហើយ ។ ក្នុងនោះសង្កេតឃើញថាគ្រួសារខ្លះបានឆ្លងទាំងប្ដី ទាំងប្រពន្ធដែរ ប៉ុន្តែកូនចៅរបស់ពួកគាត់នៅមានមិនទាន់មានការចម្លងបន្តទេ ។
«ចឹងកន្លែងនេះវាស្ថិតក្នុងខ្សែបន្ទាត់ ខ្សែក្រហមមួយ ដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ធ្វើយ៉ាងណាកុំឱ្យយើងឆ្លងពីខ្សែបន្ទាត់ក្រហមនេះ ពីព្រោះតែយើងឆ្លងហួសពីខ្សែបន្ទាត់ក្រហមនេះ មានន័យថាយើងចុលដល់ដំណាក់កាលមួយដែលប្រទេសយើងទាំងមូល នឹងកាន់តែមានភាពលំបាក នៅក្នុងការទប់ស្កាត់» ។ នេះជាប្រសាសន៍ផ្ទាល់របស់លោកជំទាវ ឱ វណ្ណឌីន ។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានលើកឧទាហរណ៍ជាក់ស្ដែង នៅប្រទេសប្រទេសអ៊ីតាលី ហេតុអ្វីបានជាអ៊ីតាលីរាតត្បាតលឿនម្ល៉េះ? នេះគឺដោយសារតែនៅពេលរដ្ឋាភិបាលប្រកាសសូមឱ្យបងប្អូនប្រជាពលរដ្ឋនៅគម្លាតពីគ្នា កុំឱ្យចាប់ដៃគ្នា ពេលជួបគ្នាកុំចាប់ដៃគ្នា ប៉ុន្តែប្រជាជនមិនស្ដាប់ដែលគិតថាវាជាទំនៀមទម្លាប់របស់ពួកគាត់ មិនស្ដាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ។ ដូច្នេះនាំឱ្យកំណើននៃការឆ្លងនេះគឺទៅលឿនណាស់ ក្នុងដំណណាក់កាលមួយគ្រប់គ្រងមិនបាន ធ្វើឱ្យមានការស្លាប់ជាបន្តបន្ទាប់។
លោកជំទាវ បានទទូចអំពាវនាវសូមឱ្យប្រជាពលរដ្ឋខ្មែរ កុំចល័តទីតាំង នៅកន្លែងណា នៅកន្លែងនោះ ផ្អាកការធ្វើដំណើរ ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលជាសហគមន៍ក្នុងទ្រង់ទ្រាយធំ ៕