សកម្មភាពល្មើសចរាចរណ៍ទាំងនេះ បង្កាន់ដៃផាកពិន័យគ្មានសុពលភាពទេ ខុស ១០ លើកផាកទាំង ១០ លើក
មានប្រជាពលរដ្ឋមួយចំនួន មានចម្ងល់ថា បង្កាន់ដៃផាកពិន័យរបស់សមត្ថកិច្ចមានសុពលភាពដែរឬទេ? ឧទាហរណ៍បើកបរម៉ូតូដោយគ្មានមួកសុវត្ថិភាពត្រូវនគរបាលចរាចរណ៍ផាក ស្រាប់តែទៅខាងមុខមានការត្រួតពិនិត្យម្ដងទៀត តើត្រូវផាកម្ដងទៀតដែរឬទេ?
បើតាមប្រសាសន៍របស់នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងថា បង្កាន់ដៃផាកពិន័យមិនមានសុពលភាពនោះទេ ចំពោះសកម្មភាពល្មើសជាក់ស្ដែង ។ ក្នុងនោះអាចមានដូចជាករណី បើកបរមិនគោរពភ្លើងសញ្ញា ត្រូវផាកពិន័យម្ដង ស្រាប់តែអ្នកបើកបរមិនគោពទៀត ដូចនេះសមត្ថកិច្ចនឹងផាកម្ដងទៀត ។ អ្នកមិនពាក់មួកសុវត្ថិភាព ចាប់ផាកពិន័យម្ដង ហើយនៅតែមិនរកមួកពាក់ទៀត ។ ដូចនេះនគរបាលនឹងផាកម្ដងទៀត ។
នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងថា មិនមែនផាកពិន័យម្ដង ហើយពួកគាត់អាចល្មើសទៀតនោះទេ មិនមែនជិះមិនគោពភ្លើងសញ្ញា ម្ដង មិនពាក់មួកម្ដង អាចជិះល្មើស ១០ដងទៀតនោះទេ ។ ប្រសិនបើខុសម្ដងផាកម្ដង ខុសពីរដង ផាកពីរផង ជួនកាលផាកលើកទី ២ ធ្ងន់ជាងលើកទី ១ ព្រោះនេះជាករណីមិនរាងចាល ។
ដោយឡែកករណីផ្សេងទៀតអាចទុកសុពលភាពដែរ ប៉ុន្តែមិនមែនរយៈពេលយូរទេ គឺមិនលើសពី ២៤ ម៉ោង ។ ក្នុងនោះអាចមានករណីយានយន្តមានបញ្ហាបច្ចេកទេស ដូចជាអាចដាច់ភ្លើងអំពូល ពេលសមត្ថកិច្ចផាកហើយ នឹងទុកពេលឱ្យទៅជួសជុល ។ ករណីខ្វះឯកសារដូចជា បណ្ណបើកបរហួសសុពលភាព នឹងទុកពេល ២៤ ម៉ោងដើម្បីទៅធ្វើការពន្យា ទើបអាចបើកបរវិញបាន ៕