ប្រាប់កន្លែងប្រឡងយកបណ្ណបើកបរម៉ូតូឡានទូទាំងប្រទេស ស្រួលៗ លឿនៗ តែត្រូវមានឯកសារទាំងនេះ
តាមការបញ្ជាក់របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន បច្ចុប្បន្ននេះមានការកើនឡើង នៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលថ្មីៗនេះ ក្រសួងបានជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ៖
រាល់ការប្រឡងយកបណ្ណបើកបរយានយន្ត (ទោចក្រ-ត្រីចក្រយានយន្ត និង រថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និង ដឹកជញ្ជូន ទូទាំង ២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និង ដៃចង្កូត ។
ចំពោះទីតាំង៖
– ភ្នំពេញ ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ ៧០០ ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង ៥៩៨)
– មន្ទីរសាធារណការ និង ដឹកជញ្ជូន ទាំង ២៤ ខេត្ត ផ្សេងទៀត
ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន ១ និង ២ សម្រាប់តែការផ្តល់សេវាប្តូរ និង ពន្យារបណ្ណបើកបរប៉ុណ្ណោះ ។
ពេលវេលាផ្តល់សេវា ៖
– ថ្ងៃចន្ទ ដល់ សៅរ៍ ( និងបន្ថែមថ្ងៃអាទិត្យ ១ ថ្ងៃ នាថ្ងៃទី ១០ ឧសភា ២០២០)
– ម៉ោង៨:០០ព្រឹក ដល់ ៥:០០ ល្ងាច
ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ ៖
*១. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
*២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់)
*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣ សន្លឹក (ថតនៅទីតាំងផ្ទាល់)
*៤. លិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង ។