តើមានពេលខ្លះអ្នកមិនពិសាអាហារពេលព្រឹកមែនទេ? បើដូច្នេះមែន វាមិនល្អនោះទេព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នក។ អាហារពេលព្រឹក មានសារសំខាន់បំផុតដែលមិនអាចខ្វះបានឡើង ។ ខាងក្រោមនេះជាលទ្ធផលមិនល្អ មួយចំនួនដែលអ្នកគួរឈ្វេងយល់ នៅពេលអ្នកមិនពិសាអាហារពេលព្រឹក ៖
១. មិនល្អចំពោះសុខភាពបេះដូង
យោងតាមការសិក្សាដែលបានចេញផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ JAMA បានឱ្យដឹងថា បុរសដែលមិនពិសាអាហារពេលព្រឹក អាចឈានទៅកើតជំងឺបេះដូង ២៧ ភាគរយជាងអ្នកដែលពិសា។ លោកវេជ្ជបណ្ឌិត Leah Cahill អ្នកដឹកនាំការសិក្សានេះបានអោយដឹងបន្ថែមទៀតថា វាអាចបង្កគ្រោះថ្នាក់លើមនុស្សទាំងអស់មិនថាស្ត្រី ឬ បុរសនោះទេ។
២. ឈានទៅកើតជំងឺទឹកនោមផ្អែមប្រភេទទី ២
នៅសាកលវិទ្យាល័យ Harvard University School of Public Health ក៏បានសិក្សាទៅលើទំនាក់ទំនងឥរិយាបថពិសាអាហារ និងសុខភាព ក្នុងនោះស្ត្រី ៤៦ ២៨៩ នាក់បានចូលរួមការសិក្សានេះដោយគេបានសិក្សារយៈពេល ៦ឆ្នាំ ។ ជាលទ្ធផលស្ត្រីដែលទម្លាប់មិនពិសាអាហារពេលព្រឹកមានអត្រាប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ច្រើនជាងគេ។
៣. ធ្វើឱ្យឡើងទម្ងន់
ប្រសិនបើអ្នកមានបំណងចង់សម្រកទម្ងន់ អ្នកមិនគួរមិនពិសាអាហារពេលព្រឹកនោះទេ ព្រោះវាមានឥទ្ធិពលអវិជ្ជមានទៅលើសុខភាព និងរឹតតែបង្ករឱ្យឡើងទម្ងន់ថែមទៀត ព្រោះវាធ្វើឱ្យអ្នកមានចំណង់ពិសាអាហារផ្អែមច្រើន និងឃ្លានអាហារកាត់តែខ្លាំង។ ដូច្នេះអ្នកត្រូវកំណត់របបអាហារឱ្យបានទៀងទាត់។
៤. ប៉ះពាល់ដល់សតិអារម្មណ៍
យោងតាមការសិក្សាមួយដែលចុះផ្សាយក្នុង Physiological Behaviors បានឱ្យដឹងថា ផលប៉ះពាល់អវិជ្ជមានគឺមានច្រើនទៅលើថាមពលនៃរាងកាយនិងអារម្មណ៍ ប្រសិនបើអ្នកមិនបានពិសាអាហារពេលព្រឹក។ ពួកគេច្រើនមានសភាពអស់កម្លាំង ប្រាជ្ញាស្មារតីនិងការចងចាំធ្លាក់ចុះ និងប៉ះពាល់ដល់បញ្ហាសុខភាពមួយចំនួន។
៥. ប្រឈមនឹងជំងឺមហារីក
ពិតណាស់បើអ្នកទម្លាប់មិនពិសាអាហារពេលព្រឹកយូរៗទៅ វានឹងធ្វើឱ្យសុខភាពសរីរាង្គកាយធ្លាក់ចុះ នាំឱ្យប្រព័ន្ធការពាររាងកាយទន់ខ្សោយ និងអាចបង្កឱ្យឡើងទម្ងន់ និងឈានទៅកើតជំងឺមហារីកផង ។ នេះបើយោងតាមការសិក្សាមួយពីវិទ្យាស្ថាន Cancer Research UK។
៦. ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ
មុខងារចងចាំនឹងធ្លាក់ចុះបើទោះជាអ្នកស្ថិតក្នុងវ័យក្មេង មានកម្លាំងមាំមួនក្តី។ គេបានសិក្សាសាកល្បងទៅលើក្រុមយុវវ័យរួចហើយដែលមានអាយុចន្លោះពី ១២ ទៅ ១៥ឆ្នាំ ។ ពួកគេបានសាកល្បងអត់ពិសាអាហារពេលព្រឹកមួយរយៈ ហើយបានរកឃើញថា ភាពចងចាំ កម្រិតប្រាជ្ញា និងភាពរហ័សរហួនបានថយចុះ។
៧. បណ្តាលឱ្យឈឺក្បាល
ការអត់អាហារពេលព្រឹក វានឹងបង្ករឱ្យធ្លាក់ចុះនូវកម្រិតជាតិស្ករក្នុងឈាម និងជម្រុញឱ្យអ្នកពិសាអាហារមានជាតិផ្អែមច្រើន ផ្ទុយមកវិញវានឹងជះឥទ្ធិពលដល់ការប្រែប្រួលនៃអ័រម៉ូន បង្កើនសម្ភាធឈាម និងធ្វើឱ្យអ្នកមានអាការឈឺក្បាលញឹកញាប់។
៨. បណ្តាលឱ្យសក់ជ្រុះ
ការអត់អាហារវានឹងធ្វើឱ្យសារធាតុប្រូតេអីុន កេរ៉ាទីន (keratin) ថយចុះ។ សារធាតុនេះមានមុខងារជួយពង្រឹងភាពលូតលាស់នៃសក់ និងការពារសក់មិនឱ្យជ្រុះ ។ ហេតុនេះបើអ្នកមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់ទេនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ការជ្រុះសក់មិនខាន។
៩. ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ
ប្រសិនបើអ្នកបញ្ឆេះរថយន្តដែលគ្មានប្រេងក្នុងម៉ាសីុន តើយូរៗទៅម៉ាសីុនរថយន្តអ្នកនឹងទៅជាយ៉ាងណា? ហេតុដូច្នេះហើយក្រពះរបស់អ្នកក៏ត្រូវ មានអាហារខ្លះដែរ ជាពិសេសនៅពេលព្រឹក។ ព្រោះវាជាពេលមួយដ៏សក្តិសមសម្រាប់ថ្ងៃថ្មីក្រោយពេលរាងកាយសម្រាកអស់១២ម៉ោង។
១០. វិលមុខ
ការមិនពិសារអាហារពេលព្រឹកក៏អាចធ្វើឱ្យអ្នកមានអាការវិលមុខខ្លះៗដែរ ជាពិសេសបើអ្នកបានពិសាគ្រឿងស្រវឹងច្រើនកាលពីយប់មិញ។ រាងកាយត្រូវការអាហារដែលមានវីតាមីន រ៉ែខនិជ និងប្រូតេអីុនសម្រាប់ជួសជុលការបាត់បង់ដោយសារគ្រឿងស្រវឹងឡើងវិញ ៕